បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AS បានអោយដឹងថា គ្រូបង្វឹក Real Madrid លោក Carlo Ancelotti អាចនឹងត្រូវកោះហៅខ្សែការពារ David Jiménez សម្រាប់ការប្រកួតទល់នឹង Barcelona ចុងសប្តាហ៍នេះ។
ការកោះហៅកីឡាករវ័យត្រឹម ២០ឆ្នាំ នេះគឺដើម្បីមកបំពេញបន្ថែមសម្រាប់ជំនួសតំបន់ខ្សែការពារស្តាំ Dani Carvajal ដែលរូបគេជួបបញ្ហារងរបួសសរសៃពួរធ្ងន់ធ្ងរនៅដើមខែនេះ ។
Jiménez គឺជាកីឡាករក្រុមថ្នាលយុវជនរបស់ Real Madrid Castilla ខណៈរូបគេធ្លាប់ចូលលេងអោយក្រុមឈុតធំទល់នឹង Alaves ផងដែរ។
ប្រភពខាងដើមដដែលបានអោយដឹងថា David Jiménez មានកាយសម្បទារឹងមាំ និង មានការសម្រេចចិត្ត និង អាកប្បកិរិយាល្អនៅលើទីលាន ហើយបន្ថែមពីនេះ សមត្ថភាពក្នុងការរកគ្រាប់បាល់របស់គេ ក៏ត្រូវតាមការចង់បានរបស់លោក Carlo Ancelotti ផងដែរ។
ជាមួយនឹងភាពមិនច្បាស់លាស់ជុំវិញផែនការរបស់ Real Madrid សម្រាប់ទីផ្សារដោះដូរកីឡាករនារដូវរងាខាងមុខនេះ លោក Ancelotti មើលឃើញថា Jimenez ជាជម្រើសដែលអាចសម្រេចបានក្នុងការពង្រឹងក្រុម។
ការសម្រេចចិត្តដំឡើងកីឡាករវ័យក្មេងពីក្រុម យុវជនរបស់ក្លិប បានឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់លោក Ancelotti លើប្រព័ន្ធបង្វឹក និងឆន្ទៈរបស់ក្លិប ក្នុងការផ្តល់ឱកាសដល់កីឡាករក្មេងៗមានទេពកោសល្យដែលកំពុងលេចធ្លោ។
លោក Ancelotti ត្រូវជឿថា នឹងដាក់ David Jiménez អោយចូលលេងសម្រាប់ការប្រកួត ‘El Clasico’ ជាមួយ Barcelona នៅចុសប្តាហ៍នេះ។
ដោយឡែក មុនចូលដល់ការប្រកួត ក្របខណ្ឌ La Liga ទល់នឹង Barcelona នោះដែរ ក្រុម Real Madrid នឹងមានការប្រកួត UEFA Champions League ទល់នឹងក្រុម Borussia Dortmund។ ឆ្លងកាត់២ប្រកួតនៃវគ្គ League Phase ក្រុម Real Madrid ឈ្នះ VfB Stuttgart ៣-១ ក្នុងប្រកួតដំបូង មុនចាញ់ Lille ១-០ ដែលធ្វើអោយពួកគេមាន ៣ពិន្ទុ ឈរលេខ១៧។ រីឯ Borussia Dortmund មិនចាញ់នោះទេ ដោយឈ្នះ Club Brugge ៣-០ និង ឈ្នះ Celtic ៧-១ ដែលធ្វើអោយពួកគេមាន៦ពិន្ទុឈរកំពូលតារាង។ ការប្រកួតរវាង Real Madrid និង Borussia Dortmund ក្នុងពានរង្វាន់ UEFA Champions League នឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Santiago Bernabéu ៕