ខ្សែប្រយុទ្ធ Cristiano Ronaldo ក្លាយជាកីឡាករបាល់ទាត់ពិភពលោករកបានប្រាក់ចំណូលច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០២៤ ពីបញ្ជីទស្សនាវដ្តី Forbes ។
របាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់ទស្សនាវដ្ដី Forbes បានបង្ហាញអោយឃើញថា កីឡាករព័រទុយហ្កាល់រកបាន ២៨៥លានដុល្លារ ដោយក្នុងនោះ ២២០លានដុល្លារបានមកពីកិច្ចសន្យាលើទីលានជាមួយក្លិប Al-Nassr នៅលីគកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែល ៦៥លានដុល្លារផ្សេងទៀតបានមកពីភាពជាដៃគូឧបត្ថម្ភក្រៅទីលានប្រកួត។
កីឡាករវ័យ៣៩ឆ្នាំ មានកិច្ចសន្យាពេញមួយជីវិតតម្លៃ ២០លានដុល្លារក្នុងមួយឆ្នាំជាមួយនឹងក្រុមហ៊ុនផលិតសម្ភារៈកីឡា Nike ដែលបានសហការគ្នាអស់រយៈពេល២ទសវត្សចុងក្រោយនេះ ហើយក្រៅពីនោះក៏រួមមានកិច្ចព្រមព្រៀងឧបត្ថម្ភជាមួយនឹងក្រុមហ៊ុន TAG Heuer, Herbalife, Binance, Armani និងក្រុមហ៊ុនជាច្រើនផ្សេងទៀតផងដែរ។ នេះគឺជាកំណត់ត្រាផ្ទាល់ខ្លួនថ្មីមួយសម្រាប់ Ronaldo ដែលកើនលើសកំណត់ត្រាចាស់ ដែលរកបាន ២៦០លានដុល្លារ និងបានធ្វើអោយរូបគេ ឈរនៅលើកំពូលតារាងកីឡាករបាល់ទាត់រកចំណូលបានច្រើនបំផុតរបស់ទស្សនាវដ្ដី Forbes ជាលើកទី៦។
ចាប់តាំងពីទស្សនាវដ្តី Forbes ចាប់ផ្តើមតាមដានប្រាក់ចំណូលអត្តពលិកនៅក្នុងឆ្នាំ១៩៩០មក រហូតមកទល់ពេលនេះ គឺមានតែអតីតអ្នកប្រដាល់សកលឆ្នើមអាមេរិក Floyd Mayweather ប៉ុណ្ណោះ ដែលអាចរកប្រាក់ចំណូលបានច្រើនជាង ២៨៥លានដុល្លារក្នុងមួយឆ្នាំ អំឡុងពេលប្រកបអាជីព៕