×

គ្រូ Barcelona ថា ខ្លួនមានមោទនភាពចំពោះកូនក្រុមក្រោយឈ្នះ Bayern Munich

Barcelona បន្តរកបានជ័យជំនះ២ប្រកួតជាប់គ្នា នៅ UEFA Champions League ក្រោយឈ្នះ Bayern Munich ដោយលទ្ធផលដល់ទៅ ៤-១ ។ ជោគជ័យនេះបានធ្វើអោយ Barcelona បញ្ចប់ភាពមិនឈ្នះក្នុងការប្រកួតទល់នឹង Bayern Munich រយៈពេលជិត១ទសវត្សមកហើយ។

ការប្រកួតកាលពីយប់មិញនេះ Raphinha បានស៊ុតបញ្ចូលទី ក្រោយកែលបាល់សឹងមិនបាន១នាទីផង ជាគ្រាប់បើកឆាករបស់ Barcelona។ នាទី១០ Harry Kane បានស៊ុតគ្រាប់បាល់ទៅហើយ ប៉ុន្តែត្រូវខកចិត្តទៅវិញក្រោយ VAR បង្ហាញថា ជាបាល់ Offside។ យ៉ាងណា កីឡាករអង់គ្លេសនៅតែរកគ្រាប់អោយ Bayern Munich បានដដែលនៅនាទី១៨។ នាទី ៣៦ Barcelona បាននាំមុខវិញដោយ Robert Lewandowski ហើយមុនចប់វគ្គទី១តែបន្តិច Raphinha ក៏បានរកគ្រាប់ទី៣អោយក្រុមអ្នកមានបុណ្យ។

ចូលដល់វគ្គទី២ នាទី៥៦ Raphinha ដដែលក៏ធ្វើបានសម្រេចគ្រាប់ទី៣របស់គេ និង ជាគ្រាប់ទី៤របស់ ក្រុមម្ចាស់ផ្ទះ Barcelona។ រីឯក្រុមភ្ញៀវ Bayern Munich វិញ ព្យាយាមវាយសម្រុកដែរ ប៉ុន្តែមិនបានផ្លែផ្កា ដោយអាចត្រឹមរក្សាសំណាញ់ទីរបស់ខ្លួនមិនអោយគូប្រកួតស៊ុតចូលទៀតប៉ុណ្ណោះ។ ដូច្នេះលទ្ធផល Barcelona ៤ Bayern Munich ១ បានបន្តដល់ចប់ការប្រកួត។

ជ័យជំនះនេះដែរ បានធ្វើអោយគ្រូបង្វឹក លោក Hansi Flick មានភាពសប្បាយរីករាយនិងមានមោទភាពចំពោះកីឡាករខ្លួនមិនស្ទើរនោះទេ ព្រោះវាបានបញ្ចប់ភាពមិនឈ្នះក្នុងការប្រកួតទល់នឹង Bayern Munich រយៈពេលជិត១ទសវត្ស របស់ក្រុម Barcelona ។

គ្រូបង្វឹក៥៩ឆ្នាំ បានអោយដឹងក្រោយចប់ការប្រកួតថា “ គោលដៅរបស់ពួកយើងគឺឈ្នះការប្រកួត ហើយយើងក៏ធ្វើវាបានសម្រេច។ វាជាការប្រកួតដ៏តានតឹងមួយ តែវាក៏មានសារៈសំខាន់ ដោយវាបានបង្ហាញអោយឃើញថា ក្រុមរបស់យើងមានការសហការគ្នា លេងយ៉ាងល្អប្រសើរ មិនថាការគ្រប់គ្រងស្ថានការណ៍ ឬការបញ្ចប់ទី។ ការលេងរបស់កូនក្រុមថ្ងៃនេះ ពិតជាធ្វើអោយខ្ញុំរំភើបនិងមានមោទភាពមែនទែន។”

ឆ្លងកាត់៣ប្រកួតក្នុងពានរង្វាន់ UEFA Champions League វគ្គ League Phase ក្រុម Barcelona ចាញ់ប្រកួតដំបូង និង ឈ្នះ២ប្រកួតជាប់គ្នា មាន៦ពិន្ទុ ឈរលេខ១០។ រីឯ Bayern Munich វិញ ឈ្នះប្រកួតដំបូង ហើយចាញ់២ប្រកួតជាប់គ្នា មាន៣ពិន្ទុ ឈរលេខ២៣។ ពួកគេនៅសល់៥ប្រកួតទៀត ដើម្បីសម្រេចថាបានទៅវគ្គ១៦ក្រុមចុងក្រោយឬ អត់។ លេខ១ ដល់លេខ៨ ក្នុងវគ្គសន្សំពិន្ទុ បានកៅអីទៅវគ្គខ្វែងដោយស្វ័យប្រវត្តិ រីឯលេខ៩ ដល់លេខ២៤ ត្រូវបន្តលេង Play-Off ដើម្បីយក៨ក្រុមទៀត។ ក្រុមបញ្ចប់នៅលេខ២៥ ដល់ ៣៦ មិនមានការប្រកួតទៀតទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង