×

ទោះចាញ់ការប្រកួតទល់នឹង Barcelona តែ គ្រូ Real Madrid ថា ក្រុមខ្លួននឹងអាចឈ្នះវិញនាពេលខាងមុខ

ក្រុម Real Madrid បានរងភាពអាម៉ាស់យ៉ាងខ្លាំងនៅកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ក្រោយចាញ់ក្រុម Barcelona ដោយលទ្ធផល ៤-០ ដែលជាជំនួបសប្តាហ៍ទី១១ នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga ។

ជ័យជំនះរបស់ក្រុមភ្ញៀវ Barcelona ក្រោមការដឹកនាំរបស់លោក Hansi Flick សម្រេចបានដោយកីឡាករ Robert Lewandowski ២គ្រាប់ម្នាក់ និង២គ្រាប់ផ្សេងទៀតដោយ Lamine Yamal និង Raphinha ដើម្បីបង្កើតការប្រកួតដ៏គួរអោយចងចាំក្នុងជំនួប El Clasico ដែលជាការប្រកួតបាល់ទាត់ធំបំផុតរបស់ប្រទេសអេស្ប៉ាញរវាង Real Madrid និង Barcelona ។

ទោះចាញ់ការប្រកួតបែបនេះមែន ប៉ុន្តែគ្រូបង្វឹក Real Madrid លោក Carlo Ancelotti នៅតែអះអាងថា ក្រុមរបស់លោកនឹងប្រឹងប្រែងឈ្នះពានរង្វាន់បន្តទៀតនៅក្នុងរដូវកាលនេះ។

លោក Carlo Ancelotti បានថ្លែងអោយដឹងដូច្នេះ “យើងខកខានឱកាសជាច្រើន ហើយយើងទទួលស្គាល់ថា ពួកយើងបាត់បង់ថាមពលនៅក្នុងការប្រកួត ហើយនោះជាអ្វីដែលយើងបានចាញ់ការប្រកួតនេះ។”

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៦៥ឆ្នាំបានបន្តថា “ កាលពីលើកមុនយើងបានចាញ់ Barcelona ៤-០ ប៉ុន្តែចុងបញ្ចប់យើងឈ្នះជើងឯកពានរង្វាន់ La Liga និង UEFA Champions League។ Real Madrid នឹងមិនបោះបង់ឡើយ រដូវកាលគឺនៅវែងឆ្ងាយទៀត។”

បច្ចុប្បន្ន Barcelona កំពុងតែកាន់កាប់កំពូលតារាងបណ្តោះអាសន្ន ក្រោយឆ្លងកាត់១១ប្រកួតកន្លងមក ឈ្នះ១០ និងចាញ់១ មាន ៣០ពិន្ទុ ខណៈដែល Real Madrid ឈរនៅចំណាត់ថ្នាក់លេខ២ ឈ្នះ៧ ស្មើ៣ និងចាញ់១ មាន ២៤ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង