
ខ្សែប្រយុទ្ធ Vinicius Junior បានចេញមុខថ្កោលទោសចំពោះទង្វើរើសអើងរបស់អ្នកគាំទ្រទៅលើខ្សែបម្រើ Lamine Yamal អំឡុងពេលនៃការប្រកួត El Clasico នៃពានរង្វាន់ La Liga ដែល Barcelona បានយកឈ្នះ Real Madrid ៤-០ កាលពីចុងសប្តាហ៍កន្លងទៅ។
ក្រោយការប្រកួតរវាងក្រុមទាំង២ដែលធ្វើឡើងនាកីឡដ្ឋាន Santiago Bernabeu វីដេអូឃ្លីបមួយត្រូវបានចែកចាញពេញលើបណ្តាញសង្គម ដោយបានបង្ហាញអំពីអ្នកគាំទ្រមួយចំនួន បានរើសអើង និងជេរប្រមាថ Lamine Yamal។
បន្ទាប់ពីដឹងអំពីរឿងរ៉ាវទាំងនេះ Vinicius Junior ដែលតែងរងគ្រោះដោយការបញ្ហារើសអើសនេះ ក៏បានបង្ហោះសារ ថ្កោលទោសចំពោះការរើសអើង និងបានលើកទឹកចិត្តដល់ Yamal។
កីឡាករប្រេស៊ីល វ័យ២៤ឆ្នាំ សរសេរដូច្នេះថា “អ្វីដែលបានកើតឡើង ក្នុងកីឡដ្ឋាន Bernabeu ជាមួយនឹងចេតនាបង្កអោយមានការរើសអើង គឺជារឿងដ៏សោកសៅបំផុតមួយ។ យើងមិនត្រូវការអោយមានរឿងបែបនេះទៀតឡើយ។ ខ្ញុំគាំទ្រយ៉ាងខ្លាំងទៅកាន់ Lamine, Ansu Fati និង Raphinha។”
ក្របខណ្ឌ La Liga បានរាយការណ៍ អំពីរឿងហេតុនៃការរើសអើងនេះ ទៅកាន់មន្ត្រីប៉ូលិស និងព្រះរាជអាជ្ញាទីក្រុង Madrid ដោយថា ខ្លួនបានផ្ញើភស្តុតាង បង្ហាញពីបទល្មើស ដើម្បីស្វែងរកជនបង្កភាពស្អប់ខ្ពើម រើសអើង ដើម្បីយកមកកាត់ទោស៕