រដ្ឋមន្ត្រីកីឡាប្រទេសអេស្ប៉ាញ លោកស្រី Pilar Alegria បាននិយាយថា លោកស្រីចង់លុបបំបាត់ចោលអោយអស់នូវការរើសអើងជាតិសាសន៍ ដែលកើតឡើងក្នុងការប្រកួតបាល់ទាត់នៅក្នុងប្រទេសអេស្ប៉ាញ។
ការលើកឡើងរបស់លោកស្រី Pilar Alegria គឺបន្ទាប់ពីការរើសអើងជាតិសាសន៍បានកើតឡើងជាបន្តបន្ទាប់ ជាពិសេសគឺការរើសអើងទៅលើ ខ្សែបម្រើ Lamine Yamal អំឡុងពេលនៃការប្រកួត El Clasico នៃពានរង្វាន់ La Liga ដែល Barcelona បានយកឈ្នះ Real Madrid ៤-០ កាលពីចុងសប្តាហ៍កន្លងទៅ។
ក្រោយការប្រកួតរវាងក្រុមទាំង២ដែលធ្វើឡើងនាកីឡដ្ឋាន Santiago Bernabeu វីដេអូឃ្លីបមួយត្រូវបានចែកចាញពេញលើបណ្តាញសង្គម ដោយបានបង្ហាញអំពីអ្នកគាំទ្រមួយចំនួន បានរើសអើង និងជេរប្រមាថ Lamine Yamal ដែលមានខ្សែស្រឡាយហ្គីណេ និង ម៉ារ៉ុក។
ជុំវិញរឿងនេះ លោកស្រី Pilar Alegria បាននិយាយថា “ខ្ញុំពិតជាបដិសេធ និង ថ្កោលទោសទៅលើទង្វើរើសអើងជាតិសាសន៍ ដែលកើតឡើងជាបន្តបន្ទាប់ក្នុងការប្រកួតកីឡា នៅក្នុងប្រទេសអេស្ប៉ាញ។ វាជាទង្វើដ៏គួរអោយស្អប់ខ្ពើម ហើយខ្ញុំប្តេជ្ញាចាត់វិធានការ ដើម្បីលុបបំបាត់ការរើងអើងទាំងនោះអោយអស់។”
សម្រាប់ ក្របខណ្ឌ La Liga ក៏បានរាយការណ៍ អំពីរឿងហេតុនៃការរើសអើងនេះ ទៅកាន់មន្ត្រីប៉ូលិស និងព្រះរាជអាជ្ញាទីក្រុង Madrid ដោយថា ខ្លួនបានផ្ញើភស្តុតាង បង្ហាញពីបទល្មើស ដើម្បីស្វែងរកជនបង្កភាពស្អប់ខ្ពើម រើសអើង ដើម្បីយកមកកាត់ទោស។
ស្ថាប័នលីគកំពូលអេស្ប៉ាញមួយនេះក៏បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកបង្កហេតុ នាការប្រកួតនៅកីឡដ្ឋាន Santiago Bernabeu ផងដែរ។
ទាក់ទងនឹងករណីនេះ រដ្ឋាភិបាលអេស្ប៉ាញ បានចេញមុខអះអាងថា ខ្លួននឹងបង្កើតគណៈកម្មការទទួលខុសត្រូវ ចំពោះការប្រយុទ្ធប្រឆាំងទៅនឹងអំពើហិង្សា ការរើសអើង និងបង្កអោយមានការស្អប់ផ្សេងទៀត ក្នុងវិស័យកីឡា ហើយពួកគេនឹងធ្វើការវិភាគហេតុការណ៍ដែលកើតឡើងក្នុងកីឡដ្ឋាន Bernabeu ព្រមទាំងប្តេជ្ញាស្វែងរកជនបង្កហេតុអោយខានតែបាន៕