ខ្សែប្រយុទ្ធ Vinícius Júnior របស់ក្រុមជម្រើសជាតិប្រេស៊ីល និង ក្លិប Real Madrid បាននិយាយថា ខ្លួននឹងព្យាយាមតស៊ូប្រឆាំងជាមួយការរើសអើងជាតិសាសន៍ទោះបីជាសកម្មភាពបែបនេះ បានធ្វើអោយរូបគេរបូតឱកាសឈ្នះពានរង្វាន់ Ballon d’Or ក្តី។
ទស្សនាវដ្ដី France Football បានសម្រេចផ្តល់ពានកីឡាករឆ្នើបំផុតលើលោកប្រចាំឆ្នាំ ២០២៤ ទៅអោយ Rodri ស្របពេលកីឡាករ Real Madrid រួមមាន Vinícius Júnior, Jude Bellingham និង Dani Carvajal ស្ថិតនៅចំណាត់ថ្នាក់លេខ២ លេខ៣ និងលេខ៤។
ការផ្តល់ពាន Ballon d’Or ទៅខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ វ័យ២៨ឆ្នាំ Rodri មិនទទួលបានការពេញចិត្តពីសំណាក់ក្លិប Real Madrid ឡើយ ដោយសមាជិកកីឡាកររបស់ពួកគេទាំងអស់ដែលត្រូវបានអញ្ជើញអោយចូលរួមពិធីសុទ្ធតែពហិការមិនចូលរួម។
សម្រាប់ក្លិប Real Madrid យល់ថា Vinícius Júnior គឺស័ក្តិសមបំផុតសម្រាប់តំណែង Ballon d’Or ឆ្នាំ ២០២៤។ យ៉ាងណាក៏ដោយ Vinícius Júnior បានត្រឹមលេខ២ បើទោះបានជួយក្រុមលោក Carlo Ancelotti ការពារជើងឯក La Liga និងឈ្នះ UEFA Champions League រដូវកាលមុន។
ក្រោយមិនបានឈ្នះពាន Ballon d’Or កីឡាករវ័យ២៤ឆ្នាំ បានធ្វើការបង្ហោះនៅលើគណនីសង្គម X របស់ខ្លួន ដោយអះអាងថា សកម្មភាពប្រឆាំងការរើសអើងជាតិសាសន៍បានធ្វើអោយគេ មិនអាចឈ្នះពាន Ballon d’Or ប៉ុន្តែរូបគេនឹងបន្តធ្វើវាអោយខ្លាំងជាងមុនទៀត។
នៅពេលត្រូវបានសួរនាំអំពីអត្ថន័យនៃការបង្ហោះសារនោះ អ្នកនាំពាក្យរបស់ Vinícius Júnior បានអោយដឹងថា កីឡាករបានជឿថា ការប្រឆាំងការរើសអើងជាតិសាសន៍ធ្វើអោយគេមិនអាចឈ្នះពាន ហើយវិស័យបាល់ទាត់ពិភពលោកមិនទាន់ទទួលយកកីឡាករដែលប្រឹងប្រែងប្រឆាំងនឹងប្រព័ន្ធដែលរើសអើងជាតិសាសន៍ទេ។
Vinícius Júnior បានក្លាយជាគោលដៅនៃការប្រមាថរើសអើងជាតិសាសន៍ជាច្រើនដងមកហើយ នៅប្រទេសអេស្ប៉ាញ។
សម្រាប់ការអះអាងរបស់ Vinícius Júnior មិនទាន់ត្រូវបានស្ថាប័ន France Football ដែលជាអ្នករៀបចំពានរង្វាន់ Ballon d’Or ធ្វើការឆ្លើយតបនៅឡើយនោះទេ៕