×

ក្លិប Real Madrid ប្រកាសផ្តល់ជំនួយ១លានអឺរ៉ូ ដល់ជនរងគ្រោះដោយទឹកជំនន់នាទីក្រុង Valencia

ក្លិប Real Madrid បានធ្វើការប្រកាសថា ពួកគេបានផ្តល់ជំនួយជាថវិកា ប្រមាណ ១លានអឺរ៉ូ ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ នាទីក្រុង Valencia ប្រទេសអេស្ប៉ាញ។

ថវិកានោះគឺជាផ្នែកនៃយុទ្ធនាការរៃអង្គាសដែលបានផ្តួចផ្តើមដោយ Real Madrid និងកាកបាទក្រហម ដើម្បីផ្តល់ជាការគាំទ្រ និងរួមចំណែកជួយដល់អ្នករងគ្រោះដោយ ភ្លៀងធ្លាក់យ៉ាងខ្លាំងបំផុត ដែលនាំអោយមានអ្នកស្លាប់បាត់បង់ជីវិតប្រមាណ ១៨៥ នាក់ និងបាត់ខ្លួនជាច្រើននាក់ទៀត។

ទាក់ទិននឹងរឿងនេះ ក្លិប Real Madrid បានចេញសេចក្តីថ្លែងការណ៍ថា “ មូលនិធិ Real Madrid និងកាកបាទក្រហម បានបើកយុទ្ធនាការរៃអង្គាសថវិកា ដើម្បីជួយដល់អ្នកដែលរងគ្រោះដោយព្យុះភ្លៀងដ៏អាក្រក់ ហើយក្លិបបានសម្រេចគាំទ្រយុទ្ធនាការនេះ ជាមួយនឹងការបរិច្ចាគ១លានអឺរ៉ូ ដើម្បីជួយដល់គ្រួសារជាច្រើន ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវការជំនួយ។ រាល់ជំនួយ គឺជាសាមគ្គីភាពរបស់យើង។”

ដោយសារបញ្ហានេះ ការប្រកួតជាច្រើននៅតំបន់ និង ទីក្រុង Valencia ត្រូវបានផ្អាក ដែលរួមមានការប្រកួតរវាង Valencia ទល់នឹង Real Madrid និងការប្រកួត Villarreal ទល់នឹង Rayo Vallecano នៅក្នុងក្របខណ្ឌ La Liga។

ក្រៅពីការប្រកួតបាល់ទាត់នៅលីគកំពូលអេស្ប៉ាញហើយ ការប្រកួតបាល់ទាត់ពានរង្វាន់នានា ដូចជាការប្រកួតពានរង្វាន់ Copa del Rey រួមនឹងការប្រកួតកីឡាផ្សេងៗទៀត នៅទីក្រុង Valencia ត្រូវបានពន្យាពេល ទៅធ្វើនៅថ្ងៃក្រោយវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង