
សារព័ត៌មាន ESPN បានរាយការណ៍អោយដឹងថា ក្លិប Paris Saint Germain បានរងពិន័យពីសំណាក់គណៈកម្មាធិការវិន័យនៃស្ថាប័នគ្រប់គ្រងបាល់ទាត់បារាំង LFP អោយធ្វើការបិទទីតាំងឈរក្នុងកីឡដ្ឋាន Parc des Princes មួយផ្នែក នៅក្នុងការប្រកួតទល់នឹងក្រុម Toulouse នៅក្នុងការប្រកួតក្របខណ្ឌ Ligue 1 ថ្ងៃទី២២ ខែវិច្ឆិកាខាងមុខ។
គណៈកម្មការវិន័យ របស់ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់បារាំង LFP បានសម្រេចធ្វើការពិន័យបិទទីតាំងឈររបស់អ្នកគាំទ្រមួយកន្លែងដែលហៅថា The Auteuil Stand ក្នុងកីឡដ្ឋាន Parc des Princes មួយប្រកួត ហើយ ការពិន័យទៅលើ ក្លិប Paris Saint Germain កើតឡើងបន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេបានស្រែកច្រៀង រើសអើងអ្នកស្រលាញ់ភេទដូចគ្នា អំឡុងការប្រកួតទល់នឹងក្រុម Strasbourg កាលពីដើមខែតុលា។
កាលពីសប្តាហ៍មុន ស្ថាប័ន LFP បានចេញមុខថ្កោលទោសចំពោះការស្រែកដោយប្រើពាក្យរើសអើងជាតិសាសន៍ រួមទាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ហើយក៏បានដាក់សំណើសុំទៅកាន់គណៈកម្មការ ពិធីការរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ដើម្បីផ្អាក ឬបញ្ឈប់ការប្រកួតតែម្តង នៅក្នុងការប្រកួតបាល់ទាត់ប្រទេសបារាំង ពេលការប្រកួតនោះមានការស្រែកដោយប្រើពាក្យជាប្រមាថ និងរើសអើស៕