×

អ្នកប្រណាំងម៉ូតូ GP Francesco Bagnaia ឈ្នះកម្មវិធី Malaysian Motorcycle Grand Prix

ការប្រណាំងម៉ូតូ GP ពានរង្វាន់ Grand Prix Motorcycle Racing ជ្រើសរើសជើងឯកពិភពលោកប្រចាំរដូវកាល ២០២៤ បានបន្តឈានដល់ដំណាក់កាលទី ១៩ ហើយ ដែលជាកម្មវីធី Malaysian Motorcycle Grand Prix ។

ការប្រកួតនេះបានធ្វើឡើងនាទីក្រុង Sepang ប្រទេសម៉ាឡេស៊ី ដោយកីឡាករត្រូវជិះចំនួន ១៩ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ ១០៥,៣១៧ គីឡូម៉ែត្រ។

ជាលទ្ធផលគឺកីឡាករអ៊ីតាលី Francesco Bagnaia មកពីក្រុម Ducati ជាអ្នកទទួលបានជ័យជំនះដោយប្រើពេលអស់ ៣៨នាទី និង ៤វិនាទី ចុច៥៦៣។ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករអេស្ប៉ាញ Jorge Martín មកពីក្រុម Prima Pramac Racing យឺតជាងអ្នកលេខ១ ៣វិនាទី ចុច១៤១ ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករអ៊ីតាលី Enea Bastianini មកពីក្រុម Ducati យឺតជាងអ្នកលេខ១ ១០វិនាទី ចុច៤៨៤ ។

នៅតារាងពិន្ទុសរុបវិញ កីឡាករ Jorge Martín នៅឈរកំពូលតារាងមាន ៤៨៥ពិន្ទុ កីឡាករ Francesco Bagnaia នៅលេខ២ មាន ៤៦១ពិន្ទុ ហើយកីឡាករអេស្ប៉ាញ Marc Márquez នៅលេខ៣ មាន ៣៦៩ពិន្ទុ។

សម្រាប់លទ្ធផលនៃការប្រកួត Moto 2 វិញ កីឡាករទាំងអស់ត្រូវជិះតែ១៧ ជុំទីលាន ហើយជ័យជំនះបានទៅលើកីឡាករអ៊ីតាលី Celestino Vietti មកពីក្រុម Ajo Motorsport ។

លទ្ធផលនៃការប្រកួត Moto 3 វិញ កីឡាករទាំងអស់ត្រូវជិះតែ ១៥ ជុំទីលាន ហើយជ័យជំនះបានទៅលើ កីឡាករកូឡុំប៊ី David Alonso មកពីក្រុម CFMoto Aspar Racing។

ការប្រណាំង GP ពានរង្វាន់ Grand Prix Motorcycle Racing ជ្រើសរើសជើងឯកពិភពលោកប្រចាំរដូវកាល ២០២៤ នៅសល់តែ១ដំណាក់កាលទៀតនឹងបញ្ចប់ហើយ ហើយក៏ជាការស្វែងរកឃើញម្ចាស់ជើងឯក សម្រាប់ការប្រកួតឆ្នាំ២០២៤ដែរ។

ដោយឡែក ដំណាក់កាលទី២០ ដែលជាដំណាក់ផ្តាច់ព្រ័ត្រនឹងជាកម្មវិធី Valencian Community Motorcycle Grand Prix ដែលគ្រោងធ្វើនៅថ្ងៃទី ១៧ ខែវិច្ឆិកា ខាងមុខនេះ ប៉ុន្តែការប្រកួតត្រូវបានផ្អាកទៅវិញ ដោយសារទីក្រុង Valencian ប្រទេសអេស្ប៉ាញ កំពុងជួបវិបត្តិគ្រោះទឹកជំនន់ដ៏អាក្រក់។ ដូច្នេះ គណៈកម្មាធិការ រៀបចំការប្រកួតក៏មិនទាន់សម្រេចជ្រើសរើសទីតាំងថ្មីភ្លាមៗដើម្បីជាការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រដែរ ដោយកំពុងធ្វើការពិចារណានៅឡើយ ហើយសេចក្តីសម្រេចនឹងត្រូវប្រកាសនាពេលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង