
មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើង ដោយកីឡាករបាល់ទាត់មួយរូបបានបាត់បង់ជីវិតភ្លាមៗ ក្រោយពីមានរន្ទះបាញ់ នៅលើទីលានដែលពួកគេកំពុងប្រកួត។
ហេតុការណ៍សោកនាដកម្មនេះបានកើតឡើង អំឡុងការប្រកួតរវាងក្រុម Juventud Bellavista និងក្រុម Familia Chocca នៅលីគបាល់ទាត់ប្រទេសឈីលី ។ ការប្រកួតនោះ ដំបូងឡើយ បានដំណើរការធម្មតា ប៉ុន្តែក្រោយមកក៏មានការផ្លាស់ប្តូរអាកាសធាតុ និងការព្រមានអំពីព្យុះ និង រន្ទះ ដែលនាំអោយមន្ត្រីអាជ្ញាកណ្តាលសម្រេច អោយផ្អាកការប្រកួតសិន។
ទោះយ៉ាងណា នៅពេលដែលកីឡាករទាំងអស់ កំពុងដើរចេញពីទីលានទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់នោះ ក៏ស្រាប់តែមានរន្ទះបាញ់មកចំតែម្តង ដែលបណ្តាលអោយកីឡាករមួយរូបបាត់បង់ជីវិតនៅនឹងកន្លែង ខណៈ កីឡាករ៤រូបទៀតរងរបួស។ ភ្លាមៗក្រុមសង្គ្រោះបានចូលមកអន្តរាគមន៍ និងបញ្ចូនកីឡាកររបួសទៅកាន់មន្ទីរពេទ្យ។
យោងតាមសារពត៌មាននៅឈីលីអោយដឹងថា កីឡាករដែលបាត់បង់ជីវិតនោះមានឈ្មោះថា Jose Hugo de la Cruz Meza វ័យ៣៩ឆ្នាំ ខណៈក្នុងចំណោមកីឡាករដែលរងរបួសនោះ មានអ្នកចាំទី Juan Chocca Llacta មានស្ថានភាពធ្ងន់ធ្ងរជាងគេ ដោយមានការរលាកខ្លាំងលើដងខ្លួន។
តាមការធ្វើកោសលវិច័យ បានសន្និដ្ឋានថា កីឡាករ Jose Hugo de la Cruz Meza ដែលបាត់បង់ជីវិតនោះ បានពាក់ខ្សែដៃដែលមានសារធាតុដែក ហើយវាអាចជាមូលហេតុដែលស្រូបទាញរន្ទះបាញ់។
ឧបត្តិហេតុនេះដែរ បានធ្វើអោយការប្រកួតរវាងក្រុមទាំង២ត្រូវរំសាយចោល ស្របពេលអ្នកគាំទ្រនៅឈីលីជាច្រើន បានបង្ហាញពីភាពតក់ស្លុត និង សោកស្តាយ។ បន្ថែមពីនេះ ក៏មានការលើកឡើង ភាពខ្វះខាតនៃប្រព័ន្ធការពាររន្ទះនៅលើទីលាន ហើយក៏មានការតវ៉ា អោយមានការផ្លាស់ប្តូរនិងពង្រឹងការពារការរន្ទះបាញ់នៅតាមកីឡដ្ឋានបាល់ទាត់ នៅប្រទេសឈីលីផងដែរ៕