×

ខ្សែប្រយុទ្ធ Vinicius Junior បដិសេធសំណើពីក្លិប Al Ahli

តាមប្រភពពីគេហទំព័រ Bleacher Report Football បានអោយដឹងថា ខ្សែប្រយុទ្ធ Vinicius Junior បានបដិសេធសំណើដ៏ភ្ញាក់ផ្អើល ពីក្លិប Al Ahli នៅក្របខណ្ឌ Saudi Pro League។

ក្លិប Al Ahli នឹងដាក់សំណើទឹកប្រាក់ ៤០០លានអឺរ៉ូ ដើម្បីផ្តាច់កុងត្រាកីឡាករប្រេស៊ីល ជាមួយ Real Madrid ប៉ុន្តែសាមីកីឡាករ បញ្ជាក់ថា រូបគេចង់បន្តស្នាក់នៅជាមួយក្លិបអេស្ប៉ាញនិងបង្កើតកំណត់ត្រាផ្ទាល់ខ្លួនជាប្រវត្តិសាស្ត្រ ជាមួយក្លិប។

ក្រៅពីការចំណាយប្រាក់ដ៏ច្រើនបង់ផ្តាច់កុងត្រា Vinicius Junior នៅ Real Madrid ហើយនោះ ក្លិប Al Ahli ក៏បានផ្តល់ជូនសំណើពិសេសដល់កីឡាករវ័យ២៤ឆ្នាំ ដែលរួមមាន ប្រាក់ឈ្នួលសរុបចំនួន១ពាន់លានអឺរ៉ូ មួយឆ្នាំសម្រាប់កិច្ចសន្យារយៈពេល៥ឆ្នាំ មានន័យថា រូបគេ នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួន ឬ Free Agent បន្ទាប់ផុតកុងត្រាជាមួយ Al Ahli នៅឆ្នាំ ២០២៩ ជាមួយឱកាសត្រឡប់ទៅប្រកបអាជីពនៅអឺរ៉ុបវិញ មុនពេលរូបគេអាយុ៣០ឆ្នាំ។

ក្លិប Al Ahli ក៏នឹងផ្តល់ជូនការងារពិសេសពាក់ព័ន្ធនឹងបាល់ទាត់នៅអារ៉ាប៊ីសាអូឌីតបន្ទាប់ពី Vinicius Junior ចូលនិវត្តន៍ពីអាជីព ហើយក៏នឹងត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតសម្រាប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣៤ ដែលអារ៉ាប៊ីសាអូឌីតទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះផងដែរ។

បច្ចុប្បន្នមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត PIF មានទ្រព្យសម្បត្តិរហូតដល់ ៩៣០ពាន់លានដុល្លារអាមេរិក កំពុងតែកាន់កាប់ភាគហ៊ុន ៧៥ ភាគរយ លើក្លិបធំៗចំនួន ៤ នៅ Saudi Pro League រួមមានក្លិប Al Ahli, Al Ittihad, Al Hilal និងក្លិប Al Nassr ដែលមានវត្តមានកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo កំពុងប្រកបអាជីពនៅទីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង