ម្ចាស់ការពារតំណែងជើងឯក ATP Finals កីឡាករសែប Novak Djokovic បានដកខ្លួនចេញពីការប្រកួតឆ្នាំ២០២៤នេះ ដោយសារបញ្ហារបួស។
អវត្តមានរបស់ម្ចាស់ពានរង្វាន់ Grand Slam ២៤ដង មានន័យថា កីឡាករន័រវេស Casper Ruud កីឡាករអូស្ត្រាលី Alex de Minaur និងកីឡាកររុស្សី Andrey Rublev សុទ្ធតែត្រូវបានធានាថានឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍ ប្រកួតចំនួន ៨ នាក់នៅទីក្រុង Turin ប្រទេសអ៊ីតាលី ដោយមិនគិតពីលទ្ធផលរបស់ពួកគេក្នុងការប្រកួតក្នុងសប្តាហ៍នេះ។
Djokovic វ័យ ៣៧ ឆ្នាំ បានបង្ហោះនៅលើ Instagram ថា “ខ្ញុំពិតជាទន្ទឹងរង់ចាំការប្រកួត ប៉ុន្តែដោយសាររបួស ខ្ញុំនឹងមិនអាចលេងបានទេ។”
កីឡាករ De Minaur ដែលបានចាញ់កីឡាករបារាំង Holger Rune ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Paris Masters កាលពីសប្តាហ៍មុន នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ ATP Finals នេះ។ រូបគេនឹងចូលរួមជាមួយកីឡាករលេខ១ពិភពលោក Jannik Sinner, អតីតម្ចាស់ជើងឯក២ដង Alexander Zverev, ម្ចាស់ជើងឯក Grand Slam ៤ដង Carlos Alcaraz, អតីតជើងឯក US Open កីឡាកររុស្ស៊ី Daniil Medvedev និងកីឡាករអាមេរិក Taylor Fritz ។
ការប្រកួត ATP Finals គឺជាការប្រកួតវាយកូនបាល់ កម្រិត ATP Tour ចុងក្រោយផ្នែកបុរសប្រចាំរដូវកាល ដោយមានកីឡាករកំពូលចំនួន៨រូប ធ្វើការប្រកួតប្រជែងគ្នា។ ការប្រកួតកម្មវិធី ATP Tour Finals ឆ្នាំ២០២៤ នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ១០ ដល់ ១៧ ខែវិច្ឆិកាខាងមុខនេះ៕