
គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បាននិយាយថា លោកមានការព្រួយបារម្ភពីទម្រង់លេងរបស់ក្រុម ក្រោយពីការប្រកួតចាញ់ក្រុម AC Milan រួចមក។
Real Madrid បានរងបរាជ័យក្រោមថ្វីជើង AC Milan ដោយលទ្ធផល ៣-១ ក្នុងកីឡដ្ឋាន Santiago Bernabéu កាលពីយប់មិញ ក្នុងការប្រកួតពានរង្វាន់ UEA Champions League ដែលជាការប្រកួតទី៤ ក្នុងវគ្គ League Phase ។
ការប្រកួតនោះ Malick Thiaw បានរកគ្រាប់បាល់អោយ AC Milan នាំមុខមុនតាំងពីនាទី១២ ប៉ុន្តែ Vinicius Junior បានទាត់បាល់ពិន័យ១១ម៉ែត្រ បញ្ចូលទីតាមស្មើអោយ Real Madrid វិញនៅនាទី២៣ ខណៈបាល់ពិន័យនេះកើតឡើងដោយសារ កីឡាករ Emerson Royal បានបង្កកំហុសលើ Vinicius Junior។ នាទី៣៩ Álvaro Morata បានស៊ុតបញ្ចូលទីអតីតក្រុម Real Madrid ដើម្បីផ្តល់គ្រាប់បាល់អោយក្រុមបច្ចុប្បន្ន AC Milan របស់គេ ដើម្បីនាំមុខវិញមុនចប់វគ្គទី១។
ចូលដល់វគ្គទី២ AC Milan បន្តរកគ្រាប់បាល់បន្ថែមទៀតដោយ Tijjani Reijnders ស៊ុតបញ្ចូលទីនៅនាទី ៧៣ ។ ចំណែកឯ Real Madrid វិញ ប្រឹងប្រែងស្វែករកគ្រាប់បាល់មកវិញហើយនាទី ៨១ Antonio Ruediger បានស៊ុតបញ្ចូលទីទៅហើយ ប៉ុន្តែត្រូវបានបដិសេធទៅវិញ ថាជាបាល់ Offside។ នាទីនៅសល់មិនមានការស៊ុតបញ្ចូលទីទេ ទើបលទ្ធផល Real Madrid ១ AC Milan ៣ បន្តដល់ចប់ការប្រកួត។
ជាមួយនឹងលទ្ធផលបរាជ័យ បានធ្វើអោយគ្រូបង្វឹក Real Madrid លោក Carlo Ancelotti មានការព្រួយបារម្ភពីទម្រង់លេងរបស់ក្រុមដែលមួយរយៈចុងក្រោយនេះ មានការធ្លាក់ចុះ។
បុរសជនជាតិអ៊ីតាលី បានអោយដឹងថា “ខ្ញុំមានការព្រួយបារម្ភ ព្រោះក្រុមយើងលេងមិនបានល្អទេ។ ក្រុមលេងមិនសហការគ្នាបានល្អ ហើយយើងត្រូវរួមគ្នាផ្តោតអារម្មណ៍និងកែសម្រួលរឿងនេះ បើមិនដូច្នោះយើងមិនអាចប្រកួតជាមួយក្រុមខ្លាំងៗផ្សេងទៀតទេ។”
នេះជាការបរាជ័យពីរលើកជាប់គ្នាៗក្នុងដីរបស់ខ្លួនឯង បន្ទាប់ពីប្រកួតមុន Real Madrid បានចាញ់ Barcelona ៤-០ នៅក្របខណ្ឌ La Liga ។ ការបរាជ័យដែលរបូតគ្រាប់៣គ្រាប់ឡើងបែបនេះ Real Madrid ខានជួបជាយូរមកហើយ ពោលគឺវាមានរយៈពេល ១៥ឆ្នាំមកមុន។ កំណត់ត្រារបស់ Real Madrid ដែលចាញ់៣គ្រាប់ឡើងហើយ២ប្រកួតជាប់គ្នាក្នុងដីរបស់ខ្លួនឯងបែបនេះគឺកើតឡើងកាលពីតាំងពីឆ្នាំ២០០៩មកម្ល៉េះ ដោយកាលនោះ Real Madrid ចាញ់ Barcelona ៦-៣ និង ចាញ់ Mallorca ៣-១។ Real Madrid រដូវកាលនេះហាក់ចាប់ផ្ដើមមកមិនសូវជាល្អខ្លាំង ទេ ពោលគឺលេងនៅ UEFA Champions League ៤ប្រកួតចាញ់២ និងឈ្នះ ២ ខណៈនៅ La Liga វិញពួកគេស្ថិតនៅលេខ២តាមពីក្រោម Barcelona ៩ពិន្ទុ ប៉ុន្តែសល់១ប្រកួតក្នុងដៃ៕