
គ្រូបង្វឹក ក្រុម Paris Saint Germain លោក Luis Enrique បាននិយាយថា មកពីក្រុមរបស់លោកគ្មានសំណាងទើបប្រកួតចាញ់ក្រុម Atlético Madrid នៅក្នុងការប្រកួត UEFA Champions League កាលពីយប់មិញ។
ជាការពិត Paris Saint Germain នៅតែបន្តចាញ់បើទោះពួកគេបានព្យាយាមលេងសម្រុកខ្លាំងទៅលើដៃគូយ៉ាងណាក៏ដោយ។ ការប្រកួតនាកីឡដ្ឋាន Parc des Princes ក្រុម Paris Saint Germain ដែលជាម្ចាស់ផ្ទះអាចរកគ្រាប់បាល់បានមុនដោយ Warren Zaïre-Emery នៅនាទី១៤ តែនាទី១៨ Nahuel Molina បានតាមស្មើអោយ Atlético Madrid វិញ មុនចប់វគ្គទី១។
ការប្រកួតបន្តនៅវគ្គទី២ គេមើលឃើញថា Paris Saint Germain នៅតែមានការវាយសម្រុក និងគ្របដណ្តប់ទៅលើដៃគូ ប៉ុន្តែនៅពេលបាល់ទៅដល់មុខទី ពួកគេបែរជាមិនអាចស៊ុតបញ្ចូលទីបានសម្រេចទៅវិញ។ ចំណែកឯ Atlético Madrid អាចរកបាន១គ្រាប់ទៀតដោយ Ángel Correa នៅនាទី៩០+៣ ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល Paris Saint Germain ១ Atlético Madrid ២។
ជាមួយនឹងការគ្រប់គ្រងទីលានយ៉ាងល្អ និង មានឱកាសស៊ុតជាច្រើនដង ប៉ុន្តែ បែរជាមិនអាចស៊ុតបញ្ចូលទីគូប្រកួតជាច្រើនគ្រាប់ដូចនេះ លោក Luis Enrique គ្រូបង្វឹក Paris Saint Germain បានស្តីបន្ទោសទៅលើសំណាងរបស់ក្រុមដែលមិនអាចឈ្នះការប្រកួតបាន។
បុរស វ័យ៥៤ឆ្នាំ បាននិយាយថា “ខ្ញុំមិនមានពាក្យនិយាយទេ ការប្រកួតកន្លងមកខ្ញុំមើលឃើញថា យើងបានគ្របសង្កត់គូប្រជែងរបស់យើង ប៉ុន្តែយើងគ្មានសំណាងអាចស៊ុតបញ្ចូលទី ហើយស្វែងរកជ័យជំនះ។ ទោះយ៉ាងណា ដរាបណាការប្រកួត នៅតែមាន យើងនឹងតស៊ូគ្រប់ការប្រកួតទាំងអស់។”
ក្នុងចំណោម៤ប្រកួតដំបូងនៃពានរង្វាន់ UEFA Champions League ក្រុម Paris Saint Germain បានឈ្នះ១ លើក ស្មើ១ លើក និងចាញ់ចំនួន២លើក។ គិតមកដល់ពេលនេះ Paris Saint Germain មានតែ៤ពិន្ទុប៉ុណ្ណោះក្នុងតារាង UEFA Champions League។ យ៉ាងណាក្នុងនាមជាក្រុមកំពូលមួយមកពី បារាំង លទ្ធផលនេះស្ទើរតែមិនគួរអោយជឿក្នុងនាមជាក្រុមជើងឯករបស់ Ligue 1 និងជាក្រុមជើងខ្លាំងរបស់បារាំងផងដែរនោះ៕