
ការប្រកួតវាយកូនបាល់ផ្នែកនារី កម្មវិធី WTA Finals 2024 បានបញ្ចប់ជាស្ថាពរហើយ ក្រោយពីដំណើរការរយៈពេល ១សប្តាហ៍កន្លងមក នាទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។
នៅក្នុងនោះគេ ក៏បានរកឃើញអ្នកឈ្នះជើងឯកផងដែរ នោះគឺកីឡាការិនីអាមេរិក Coco Gauff បន្ទាប់ពីរូបនាងបានយកឈ្នះកីឡាការិនីចិន Zheng Qinwen នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល 3-6 6-4 និង 7-6 ចាយពេលអស់៣ម៉ោង។
វាជាពានរង្វាន់ទី២ដែល នារីវ័យ ២០ឆ្នាំ បានឈ្នះក្នុងការប្រកួតវាយកូនបាល់ផ្នែកឯក្កតជន ឆ្នាំ២០២៤ ដោយបានឈ្នះពានរង្វាន់ China Open និង WTA Finals នេះ។
ជោគជ័យនេះក៏បានធ្វើអោយ Coco Gauff កា្លយជាកីឡាការិនីវ័យក្មេងជាងគេ ដែលបានឈ្នះពានរង្វាន់ WTA Finals ចាប់តាំងពីអតីតកីឡាការិនីរុស្ស៊ី Maria Sharapova ដែលធ្វើបានក្នុងឆ្នាំ២០០៤ និងអតីតកីឡាការិនីអាមេរិក Serena Williams ដែលធ្វើបានកាលពីឆ្នាំ២០១៤។
សូមបញ្ជាក់ថា កម្មវិធី WTA Finals គឺជាការប្រកួតវាយកូនបាល់ផ្នែកនារីបញ្ចប់រដូវកាល ដោយវាបានដំណើរការ ចំនួន៥៣ដងហើយ បើគិតត្រឹមឆ្នាំ២០២៤នេះ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីមានដល់ទៅ ៣លាន ៧សែនដុល្លារអាមេរិកឯណោះ៕