×

AS Roma បញ្ចប់តំណែងគ្រូបង្វឹកលោក Ivan Jurić

ក្លិប AS Roma បានបញ្ចប់តំណែងគ្រូបង្វឹកលោក Ivan Jurić ក្រោយការដឹកនាំទទួលបានលទ្ធផលមិនសូវល្អ។ នេះបើតាមការប្រកាសអោយដឹងពីក្លិបនៅលីគកំពូលអ៊ីតាលី។

បុរសជនជាតិក្រូអាត បានក្លាយជាគ្រូបង្វឹកទី២ ដែលត្រូវបាន AS Roma បណ្តេញចេញ នៅរដូវកាលនេះ បន្ទាប់ពីគ្រូបង្វឹកជនជាតិអ៊ីតាលីលោក Daniele De Rossi។

លោក Ivan Jurić ទើបតែចូលមកដឹកនាំ AS Roma កាលពីខែកញ្ញាប៉ុណ្ណោះ និងបានក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍ទី៣ ក្នុងរយៈពេល៨ខែ ក្រោយលោកបានទទួលតំណែងបន្តពីលោក Daniele De Rossi ខណៈដែលលោក Daniele De Rossi បានចូលមកដឹកនាំបន្តពីលោក Jose Mourinho ដែលត្រូវបានបញ្ចប់តំណែងក្នុងខែមករា ។

ដឹកនាំបាន១២ប្រកួតនៅក្នុងក្របខណ្ឌ Serie A លោក Ivan Jurić មិនបានជួយក្រុម AS Roma ទទួលបានលទ្ធផលល្អដូចការរំពឹងទុក ដោយឈ្នះ ៣ ស្មើ ៤ ចាញ់ ៥ ហើយការប្រកួតចុងក្រោយចាញ់ Bologna ៣-២ បានកំណត់ជោគវាសនារបស់ បុរសវ័យ៤៩ឆ្នាំ ក្នុងការកាន់តំណែងនៅកីឡដ្ឋាន Olimpico។

សម្រាប់ការចែកផ្លូវជាមួយលោក Ivan Jurić នេះដែរ ក្លិប AS Roma បានចេញសេចក្តីថ្លែងការណ៍ថា “ក្លិបសូមអរគុណដល់លោក Ivan Jurić ចំពោះការខិតខំរបស់លោក ក្នុងការដឹកនាំក្លិប ក្នុងរយៈពេលកន្លងមក។”

របាយការណ៍នៅអ៊ីតាលីបានអោយដឹងថា លោក Roberto Mancini ដែលបានចាកចេញពីតំណែងជាគ្រូបង្វឹកនៅក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ត្រូវបានផ្សារភ្ជាប់ក្នុងការក្លាយជាគ្រូបង្វឹកថ្មី AS Roma ខណៈភាគីទាំង២ កំពុងធ្វើការចរចាគ្នា។

AS Roma បច្ចុប្បន្នកំពុងឈរលេខ១២ ក្នុងតារាងពិន្ទុក្របខណ្ឌ Serie A ដោយមាន ១៣ពិន្ទុ។ក្រោយវិលត្រឡប់ពីការសម្រាកអន្តរជាតិនៅខែវិច្ឆិកានេះ AS Roma នឹងត្រូវប្រឈមមុខនឹងគូប្រជែងខ្លាំងៗដូចជា Napoli ក្នុងការប្រកួត Serie A នៅថ្ងៃទី២៤ ខែវិច្ឆិកា មុនពេលធ្វើដំណើរទៅជួប Tottenham Hotspur ក្នុងការប្រកួតពានរង្វាន់ UEFA Europa League នៅ៤ថ្ងៃបន្ទាប់ពីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង