
ការប្រកួតរវាងក្រុមទួរគី Besiktas និងក្រុមអ៊ីស្រាអែល Maccabi Tel-Aviv នៅក្នុងការប្រកួត ទី៥ វគ្គ League Phase នៃពានរង្វាន់ UEFA Europa League នៅថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនោះ ត្រូវផ្លាស់ទៅលេងនៅឯប្រទេសហុងគ្រីវិញ។ នេះបើតាមការប្រកាសអោយដឹងពី សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។
ដើមឡើយ ការប្រកួតរវាងក្រុមទាំង២ត្រូវធ្វើឡើងនាកីឡាដ្ឋាន Beşiktaş របស់ក្រុម Beşiktaş នៅទីក្រុង Istanbul ប្រទេសទួរគី ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះ បានសម្រេចមិនអោយមានការប្រកួតកើតឡើងទេ ទើបការប្រកួតត្រូវផ្លាស់ទៅ កាន់កីឡដ្ឋាន Nagyerdei ស្ថិតនាទីក្រុង Debrecen ប្រទេសហុងគ្រី។
ការផ្លាស់ប្តូរទីតាំប្រកួតនេះ ដើម្បីជៀសវាងហានិភ័យនៃសកម្មភាពបង្កហេតុណាមួយ តាមការសម្រេចចិត្តរបស់ការិយាធិបតេយ្យសន្តិសុខរបស់រដ្ឋ។
ការប្រកួតរវាងក្រុមទាំង២ក៏នឹងធ្វើឡើងជាការប្រកួតបិទទ្វារ មិនអនុញ្ញាតអោយមានអ្នកគាំទ្រចូលទស្សនាទេ ដោយធ្វើតាមការស្នើសុំរបស់អាជ្ញាធរប្រទេសហុងគ្រី។
កន្លងទៅ មានមនុស្សយ៉ាងហោចណាស់៥នាក់ បានរងរបួស ដោយសារការប៉ះទង្គិចគ្នា អំឡុងការប្រកួត ដែល Besiktas ចាញ់ Ajax ៥-០ ក្នុងការប្រកួតពានរង្វាន់ UEFA Europa League នេះដែរ។
តាមការប្រកាសពីក្លិប Besiktas អោយដឹងថា ក្លិបរួមទាំងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានសម្រេចផ្លាស់ប្តូរទីតាំងប្រកួតដើម្បីជៀសវាងហានិភ័យផ្សេងៗ ដោយក្នុងនោះ ប្រទេសហុងគ្រី គឺជាប្រទេសតែមួយគត់ ដែលយល់ព្រមអោយមានការប្រកួតរវាងក្រុមទាំង២។
ឆ្លងកាត់ ៤ប្រកួតកន្លងមកក្នុងពានរង្វាន់ UEFA Europa League ក្រុម Besiktas ចាញ់២ ឈ្នះ២ មាន៦ពិន្ទុ កំពុងឈរលេខ១៨ រីឯក្រុម Maccabi Tel-Aviv ចាញ់ទាំង៤ប្រកួតមាន០ពិន្ទុ ឈរលេខ៣៥៕