×

អតីតប្រធានក្លិបបាល់ទាត់នៅតួកគីមួយរូបត្រូវកាត់ទោសជាប់ពន្ធនាគារ៣ឆ្នាំកន្លះ

លោក Faruk Koka អតីតប្រធានក្លិបបាល់ទាត់តួកគី MKE Ankaragucu ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកន្លះពីបទដាល់មុខមន្ត្រីអាជ្ញាកណ្តាលនៅលើទីលាន កាលពីចុងឆ្នាំមុន។

រឿងរ៉ាវនេះ កើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣ ដោយ លោក Faruk Koca នៅពេលនោះ បានបង្កភាពចលាចលយ៉ាងខ្លាំង ក្រោយចប់ការប្រកួតទល់នឹងក្រុមភ្ញៀវ Rizespor។ បន្ទាប់ពីសំឡេងកញ្ចែបន្លឺឡើងបញ្ចប់ការប្រកួតលទ្ធផល ១-១ ដោយក្រុមភ្ញៀវ Rizespor បានតាមស្មើនៅនាទី ៩០+៧ ស្រាប់តែលោក Faruk Koca បង្ហាញអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង និងរត់ចូលទីលាន ហើយហក់ទៅដាល់មុខមន្ត្រីអាជ្ញាកណ្តាល លោក Halil Umut Meler ដែលលោកក៏ជាអាជ្ញាកណ្តាលសហព័ន្ធបាល់ទាត់ពិភពលោក FIFA តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។

បន្ទាប់ពីកើតមានរឿងរ៉ាវវាយអាជ្ញាកណ្តាលរួចមក ការប្រកួតលីគក្នុងប្រទេសតួកគីត្រូវបានផ្អាកជាច្រើនសប្តាហ៍ ហើយក្រោយមក ក្រុម Ankaragucu ក៏ត្រូវប្រកួតក្នុងផ្ទះដោយគ្មានអ្នកគាំទ្រចំនួន៥ប្រកួតផងដែរ។ ជាមួយគ្នានោះ អាជ្ញាកណ្តាល Halil Umut Meler ត្រូវបានរាយការណ៍ថា ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសបាក់ឆ្អឹងនៅក្រោយភ្នែក។

ក្រោយមកទៀត លោក Faruk Koka ត្រូវបានចាប់ខ្លួន និងរងបម្រាមមិនអោយពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត សម្រាប់ឧប្បត្តិហេតុដែលបានកើតឡើងនៅក្នុងការប្រកួតលីគកំពូលតួកគី Super Lig មុនពេលលោក Faruk Koka លាលែងពីតំណែងប្រធានក្លិប MKE Ankaragucu។

យ៉ាងណាមិញថ្មីៗនេះ តុលាការក្នុងទីក្រុង Ankara បានកាត់ទោសលោក Faruk Koca ពីបទបង្ករបួសស្នាមដោយចេតនាទៅលើមន្ត្រីសាធារណៈ ដោយត្រូវជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និង ៧ខែ។ តុលាការក៏បានកាត់ទោសលោក Faruk Koka ពីបទគំរាមកំហែងអាជ្ញាកណ្តាល និងបំពានច្បាប់ក្នុងគោលបំណងទប់ស្កាត់អំពើហិង្សាក្នុងវិស័យកីឡាតួកគី ប៉ុន្តែការកាត់ទោសទាំងនេះត្រូវបានព្យួរ ស្របពេលលោក Faruk Koka រំពឹងថានឹងប្តឹងឧទ្ធរណ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង