×

ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងចូលរួមទស្សនាការប្រកួតរវាងក្រុមបារាំង និងអ៊ីស្រាអែល ទោះមានបញ្ហាសន្តិសុខ

មន្ត្រីប៉ូលិសចំនួន៤ពាន់នាក់នាក់ និងបុគ្គលិកសន្តិសុខនៅកីឡដ្ឋានចំនួន ១,៦០០នាក់ នឹងត្រូវដាក់ពង្រាយសម្រាប់ការប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់ជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិអ៊ីស្រាអែល។

ការដាក់ពង្រាយប៉ូលិសដ៏ច្រើនបែបនេះ ដើម្បីធានាសន្តិសុខទាំងក្នុង និងជុំវិញកីឡដ្ឋាន ក៏ដូចជាទីតាំងផ្តល់សេវាដឹកជញ្ជូនសាធារណៈ ពោលគឺមួយសប្តាហ៍បន្ទាប់ពីកើតមានអំពើហិង្សាលើអ្នកគាំទ្រអ៊ីស្រាអែល នៅទីក្រុង Amsterdam ប្រទេសហូឡង់។

ក្រុមបារាំង នឹងត្រូវបើកទ្វារកីឡដ្ឋាន Stade de France ស្វាគមន៍ក្រុមភ្ញៀវអ៊ីស្រាអែល សម្រាប់ការប្រកួត ពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥ ក្រោមការចូលរួមទស្សនាផ្ទាល់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron។

លោក Laurent Nunez មន្ត្រីប៉ូលីសទីក្រុងប៉ារីស បានបញ្ជាក់ប្រាប់ថា ប៉ូលិសចំនួន ២,៥០០នាក់នឹងត្រូវដាក់ពង្រាយជុំវិញកីឡដ្ឋាន បន្ថែមពីលើប៉ូលិស ១,៥០០នាក់ផ្សេងទៀតនៅក្នុងទីក្រុងប៉ារីស និងទីតាំងផ្តល់សេវាដឹកជញ្ជូនសាធារណៈ។ ការត្រួតពិនិត្យសុវត្ថិភាពនឹងត្រូវបានពង្រឹង រួមទាំងការត្រួតពិនិត្យជាប្រព័ន្ធ ខណៈអ្នករៀបចំរបស់បារាំងក៏បានទាក់ទងជាមួយអាជ្ញាធរ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែលផងដែរ។

ការរឹតបន្តឹងពីអាជ្ញាធរបារាំងធ្វើឡើង ក្រោយរបាយការណ៍អាជ្ញាធរហូឡង់បានអោយដឹងថា អ្នកគាំទ្រអ៊ីស្រាអែលរងការវាយប្រហារកាលពីសប្តាហ៍មុន ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ UEFA Europa League រវាងក្រុមម្ចាស់ផ្ទះ Ajax និងក្រុមភ្ញៀវមកពីអ៊ីស្រាអែល Maccabi Tel Aviv នៅទីក្រុង Amsterdam ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង