
ការរត់ប្រណាំង កម្មវិធី Ethiopia’s International 2024 បានដំណើរការរួចរាល់ហើយ ដែលធ្វើឡើងនាទីក្រុង Addis Ababa ប្រទេសអេត្យូពី។
អ្នកចូលរួមត្រូវបានដឹងថា មានចំនួន ៤៣០០០ពាន់ ច្រើនជាងការប្រកួតឆ្នាំមុនប្រមាណ ៥០០០ពាន់នាក់ ហើយអ្នកចូលរួមទាំងអស់ត្រូវធ្វើការរត់ប្រណាំងចម្ងាយតែ ១០គីឡូម៉ែត្រ។
យ៉ាងណាមិញ អ្វីដែលគួរអោយចាប់អារម្មណ៍គឺ អ្នករត់ប្រណាំងទាំងអស់ បានធ្វើការពាក់អាវ ដែលមានពណ៌លឿងទាំងអស់គ្នា ដែលបានទាក់ទាញក្រសែភ្នែកពីមហាជនយ៉ាងច្រើនកុះករ។
ក្រោយការប្រកួតដំណើរការគេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករម្ចាស់ផ្ទះ Binyam Mehari ដោយបានប្រើពេលអស់ ២៨នាទី និង២៥វិនាទី។
កីឡាករវ័យ១៧ឆ្នាំ រូបនេះកំពុងកសាងអាជីពរបស់ខ្លួន ដោយរូបគេក៏បានបង្ហាញសមត្ថភាពល្អ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ លេខ៦ ក្នុងការប្រកួតរត់ចម្ងាយ ៥០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ផងដែរ។
ខាងផ្នែកនារីវិញ ជ័យជំនះបានទៅលើកីឡាការិនី Asayech Aychew ដោយប្រើពេលអស់ ៣២នាទី និង១៣វិនាទី។
សូមបញ្ជាក់ថា កម្មវិធី Ethiopia’s International បានដំណើរការលើកដំបូងក្នុងឆ្នាំ២០០០ បើគិតមកទល់ឆ្នាំ២០២៤នេះ វាជាការដំណើរការលើកទី ២៤ហើយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕