ក្រុមហ៊ុនផ្តល់សេវ៉ាកម្មផ្សព្វផ្សាយភាពយន្ត និងកម្មវិធីទូរទស្សន៍ដ៏ល្បី Netflix បានប្រកាសថាការប្រដាល់រវាង Jake Paul និង Mike Tyson មានចំនួន អ្នកទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការណ៍ទាំងមូលមានចំនួនសរុប ៦៥លាននាក់ឯណោះ។
ជំនួបរវាង Jake Paul ដែលប្រែខ្លួនជាកីឡាករប្រដាល់បន្ទាប់ពីធ្វើជាតារា YouTuber មានវ័យ ២៧ឆ្នាំ តទល់ជាមួយនឹងអតីតអ្នកប្រដាល់ជើងចាស់ប្រភេទទម្ងន់ធ្ងន់ Mike Tyson ដែលរៀបចំឡើងនៅកីឡដ្ឋាន AT&T រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានបញ្ចប់ទៅដោយ Jake Paul ឈ្នះ ជាឯកច្ឆ័ន្ទពីចៅក្រម៣រូប នៅក្នុងលទ្ធផល ៨០-៧២ ៧៩-៧៣ និង ៧៩-៧៣ ក្រោយឆ្លងកាត់ការប្រកួត៨ទឹកពេញ។
បើតាមការប្រកាសរបស់ Netflix ការទស្សនាការប្រកួតប្រដាល់របស់ Jake Paul ទល់នឹងអ្នក Mike Tyson មានចំនួនទស្សនាដល់ទៅជិត ៦០លានគ្រួសារនៅទូទាំងពិភពលោក។ ចំណែកការប្រកួតរបស់កីឡាការិនី Katie Taylor សញ្ជាតិអៀឡង់ និងកីឡាការិនីព័រតូរីកូ Amanda Serrano មានចំនួនទស្សនាជាង ៥០លានគ្រួសារនៅទូទាំងពិភពលោក។
ក្រុមហ៊ុន Netflix ថែមទាំងបានសរសើរដល់ការប្រកួតរវាងកីឡាការិនី Katie Taylor និង Amanda Serrano ថាជាការប្រកួតប្រដាល់អាជីពស្ត្រី ដែលមានអ្នកទស្សនាច្រើនបំផុតមិនធ្លាប់មានពីមុន ប្រចាំប្រវត្តិសាស្ត្រអាមេរិក។
ជាមួយជ័យជំនះនេះ Jake Paul បង្កើនកំណត់ត្រាប្រកួតអាជីពរបស់ខ្លួនចំនួន ១២ប្រកួត ឈ្នះ១១ និងចាញ់១ ដោយផ្តួលដៃគូអោយសន្លប់ចំនួន ៧ដង។ ចំណែកស្ថិតិ Mike Tyson ដែលត្រឡប់ពីការព្យួរហ្គង់ចូលនិវត្តន៍ តាំងពីឆ្នាំ ២០០៥ មានចំនួន ៥៩ប្រកួត ឈ្នះ៥០ដង ចាញ់៧ដង និងចាត់ទុកជាមោឃៈ ២ដង ដោយបានផ្តួលគូប្រកួតអោយសន្លប់ ៤៤ដង៕