×

លោក Lee Carsley ផ្ទេរតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសដល់លោក Thomas Tuchel

លោក Lee Carsley គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបណ្តោះអាសន្ត នឹងផ្ទេរតំណែងទៅកាន់លោក Thomas Tuchel ដែលត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA តែងតាំងជាគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មី។

មុនប្រគល់តំណែងទៅលោក Thomas Tuchel នោះ លោក Carsley ក៏បានជួយក្រុមអង់គ្លេសឈ្នះក្រុមអៀរឡង់ ៥-០ ក្នុងពានរង្វាន់ UEFA Nations League និងបានវិលត្រឡប់ឈរកំពូលតារាងពូលទី២ នៃ League B វិញ ថែមទាំងបានកក់កៅអីឆ្លងទៅកាន់វគ្គបន្ត ផងដែរ។ ជ័យជំនះនោះក៏ជាការយកឈ្នះការប្រកួតចំនួន ៥លើក ចំណោម ៦ប្រកួត ដែលលោក Carsley បានដឹកនាំ ចាប់តាំងពីចូលកាន់តំណែងជាបណ្តោះអាសន្ត។

ចំណោមការប្រកួត ៥លើក ដែលអង់គ្លេសបានប្រកួតឈ្នះក្រោមការដឹកនាំរបស់លោក Carsley កីឡាករយុវជន ៨រូប ត្រូវបានបង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រកួតទទួលបានជ័យជំនះទាំងនោះ។
មុនពេលដើរចេញពីតំណែងគ្រូបង្វឹកបណ្តោះអាសន្តជាគ្រូបង្វឹកក្រុមអង់គ្លេស លោក Carsley បានបង្ហាញជំនឿចិត្តថាកីឡាករយុវជនដែលលោកបាននាំមក នឹងអាចត្រូវបានលោក Tuchel បន្តប្រើប្រាស់សម្រាប់គម្រោងប្រកួតប្រជែងពានរង្វាន់ FIFA World Cup 2026។

ចំណែកលោក Tuchel នឹងចូលដឹកនាំក្រុមជម្រើសជាតិអង់គ្លេស នៅថ្ងៃទី១ ខែមករា ដើមឆ្នាំ២០២៥ តទៅ ហើយបុរសវ័យ ៥១ឆ្នាំ ទទួលបានកិច្ចសន្យារយៈពេល ១ឆ្នាំ កន្លះ ក្នុងការដឹកនាំក្រុមជម្រើសជាតិអង់គ្លេស។ លោក Thomas Tuchel បានក្លាយជាក្រូបង្វឹកទី៣ ក្នុងប្រវត្តិសាស្រ្តអង់គ្លេស ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស មិនមែនជាជនជាតិអង់គ្លេស បន្ទាប់ពីលោក Sven Goran Eriksson និង Fabio Capello៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង