ក្រុមបាល់ទាត់ជម្រើសជាតិហុងឌូរ៉ាស នឹងត្រូវលេងការប្រកួតក្នុងផ្ទះនៅការប្រកួតបន្ទាប់ ពោលគឺបិទទ្វារកីឡដ្ឋានបន្ទាប់ពីគ្រូបង្វឹកម៉ិកស៊ិក លោក Javier Aguirre ត្រូវបានរងគ្រោះថ្នាក់ដោយការចោលនិងកំប៉ុងស្រាបៀរពេញទំហឹងពីអ្នកគាំទ្រចំក្បាលនៅពេលដែលក្រុមបាល់ទាត់នៃប្រទេសទាំងពីរធ្វើការប្រកួតគ្នាក្នុងពានរង្វាន់ CONCACAF Nations League។
លោក Aguirre ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកម៉ិកស៊ិកកាលពីកំលុងខែកក្កដា ២០២៤មានឈាមហូរស្រោចពេញផ្ទៃមុខក្រោយរងគ្រោះក្នុងហេតុការណ៍នោះ កំលុងពេលរូបលោកបានចូលទៅជិតគ្រូបង្វឹកក្រុមហុងឌុយរ៉ាសលោក Reinaldo Rueda ដើម្បីចាប់ដៃគ្នាក្រោយការប្រកួតខណៈម្ចាស់ផ្ទះហុងឌូរ៉ាសបានឈ្នះជើងទីមួយនៃពានរង្វាន់ Nations League វគ្គ៨ក្រុមចុងក្រោយក្នុងលទ្ធផល ២-០។
CONCACAF ក្នុងនាមជាជាសហព័ន្ធបាល់ទាត់អាមេរិកខាងជើង និងអាមេរិកកណ្តាល និង តំបន់ Caribbean បានបើកការស៊ើបអង្កេតមួយ ហើយបានចាត់វិធានការប្រឆាំងនឹងហុងឌូរ៉ាសពីបទ ខកខានក្នុងការអនុវត្តវិធានការសន្តិសុខកីឡដ្ឋានអោយបានគ្រប់គ្រាន់។
ជុំវិញបញ្ហានេះដែរ សហព័ន្ធបាល់ទាត់ម៉ិកស៊ិក បានចេញសេចក្តីថ្លែងការណ៍ថា សកម្មភាពគ្រោះថ្នាក់ ដែលធ្វើអោយគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេមានរបួសនោះ គឺជាទង្វើដែលមិនគួរកើតមានក្នុងការប្រកួតកីឡា ហើយវាជាភាពជូរចត់សម្រាប់ម្ចាស់ផ្ទះហុងឌូរ៉ាស ដែលមិនអាចរក្សាសុវត្ថិភាពចំពោះគូប្រកួតរបស់ពួកគេបាន៕