
ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញគម្រោងរចនាកីឡដ្ឋានថ្មី ដែលមានឈ្មោះថា កីឡដ្ឋាន King Salman ដែលជាកីឡដ្ឋានត្រៀមសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2034 ។
កីឡដ្ឋាន King Salman ថ្មីនេះ នឹងមានសមត្ថភាពផ្ទុកចំនួនមនុស្ស ៩២០០០នាក់ ដោយវានឹងត្រូវសាងសង់ឡើងនាទីក្រុង Riyadh។
រដ្ឋមន្ត្រី ក្រសួងកីឡារបស់ អារ៉ាប៊ីសាអូឌីត គឺជាអ្នកធ្វើបទបង្ហាញជាផ្លូវការ នូវរូបភាពវីដេអូ ដែលបង្កើតឡើងដោយប្រព័ន្ធបញ្ញាសប្បនិមិត្ត AI ស្តីអំពីកីឡដ្ឋានថ្មី ដែលមានភាពស្រស់ស្អាត រស់រវើក ហើយគម្រោងកសាងកីឡដ្ឋានថ្មីនេះនឹងបញ្ចប់នូវត្រីមាសទី៤ នៃឆ្នាំ២០២៩។
កីឡដ្ឋាននេះត្រូវបានកំណត់ដើម្បីបម្រើជាមូលដ្ឋានដ៏សំខាន់របស់ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត ហើយនឹងក្លាយជាផ្នែកនៃការលេងកីឡាក្នុងសាល អាងហែលទឹកដែលមានកម្រិតនិងទំហំតាមស្តង់ដាអូឡាំពិក និងសម្ភារៈបរិក្ខារផ្សេងទៀតដែលត្រូវបានរចនាឡើងដើម្បីបញ្ចូលគ្នាជាមួយទេសភាពដ៏ខៀវស្រងាត់នៃតំបន់ ឧទ្យានព្រះអង្គ Abdulaziz ។
ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការពី FIFA ក៏ដោយ អារ៉ាប៊ីសាអូឌីតស្ទើរតែប្រាកដក្នុងការឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ 2034 ដោយសារជា ពួកគេជាប្រទេសតែមួយគត់ដែលបានដាក់សំណើដេញថ្លៃជាផ្លូវការមុនកាលកំណត់កាលពីចុងឆ្នាំ ២០២៣ ៕