អ្នកប្រដាល់គុនចម្រុះ Conor McGregor នៅតែបន្តបដិសេធការចោទប្រកាន់ ថាបានរំលោភបំពានជាងកាត់សក់មួយរូប។
កន្លងទៅ នារីជាជាងកាត់សក់ ជនជាតិអៀរឡង់ម្នាក់ បានប្រាប់តុលាការទីក្រុង Dublin ថា អ្នកប្រដាល់ក្បាច់គុនចម្រុះ MMA លោក Conor McGregor បានរំលោភបំពានរូបនាង ក្នុងបន្ទប់សណ្ឋាគារមួយ កាលខែធ្នូ ឆ្នាំ ២០១៨ បន្ទាប់ពីពិធីជប់លៀង បុណ្យ Christmas។
នាងរងគ្រោះដែលមានឈ្មោះថា Nikita Ni Laimhin បានដាក់ការចោទប្រកាន់ ប្រឆាំងនឹង Conor McGregor និងមិត្តរបស់គេ ដោយចោទប្រកាន់ថា ពួកគេបានរំលោភ បំពាននាង បន្ទាប់ពីពិធីជប់លៀង ។
យោងតាមមេធាវីរបស់នាង Nikita Ni Laimhin លោកស្រី John Gordon បាននិយាយថា ជាងកាត់សក់បានរស់នៅជាមួយដៃគូរបស់នាង និងកូនស្រីអាយុ ៧ ឆ្នាំនៅជាយក្រុង Dublin នៅពេលនោះ។
លោកស្រី Gordon បានបន្តថា នាងបានចេញទៅក្រៅជាមួយមិត្តភ័ក្តិមួយចំនួននៅយប់នៃហេតុការណ៍នោះ ដែលគេចោទប្រកាន់ ដោយបានផឹកស្រា និងកូកាអ៊ីនខ្លះ ដោយកត់សម្គាល់ថា នាងក៏បានលេបថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តនៅពេលនោះដែរ។ នាង Ni Laimhin កំពុងជប់លៀងនៅហាង កែសម្ផស្ស របស់នាងជា មួយមិត្តស្រី ហើយបានផ្ញើសារទៅកាន់លោក McGregor នៅពេលយប់ ។
Conor McGregor បានបើកឡានទៅរកពួកគេ ខណៈលោកកំពុង ចែករម្លែកសារធាតុ កូកាអ៊ីនមួយថង់ជាមួយពួកគេ បន្ទាប់មកក្រុមនេះបានទៅបន្ទប់ Penthouse ក្នុងសណ្ឋាគារ Beacon នៅទីក្រុង Dublin និងបានរំលោភបំពានរូបនាងតែម្តង។
ទោះយ៉ាងណា សម្រាប់ Conor McGregor បានធ្វើការបដិសេធ ដោយអះអាងថា ការមានសម្ព័ន្ធភាពផ្លូវភេទរបស់ពួកគេ គឺជាការព្រមព្រៀង ខណៈមេធាវី របស់កីឡាករ MMA រូបនេះ បានចោទប្រកាន់នាង Nikita Ni Laimhin បាននិយាយកុហក និង ប៉ុនប៉ងជំរិតទារប្រាក់។ សម្រាប់ករណីនេះ បានស្ថិតក្រោមការស៊ើបអង្កេតយ៉ាងដិតដល់ពីអាជ្ញាធរ ៕