×

អតីតប្រធានក្រុម Arsenal លោក Patrick Vieira ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្លិបGenoa

ក្លិប Genoa នៅក្របខណ្ឌ Serie A បានប្រកាសតែងតាំង អតីតប្រធានក្រុម Arsenal លោក Patrick Vieira មកជាគ្រូបង្វឹកថ្មី។ នេះបើតាមការប្រកាសអោយដឹងរបស់ក្លិបអ៊ីតាលីកាលពីពេលថ្មីៗនេះ។

បុរសជនជាតិបារាំងវ័យ៤៨ឆ្នាំ មិនបានមានការងារដឹកនាំក្លិបណាមួយ ចាប់តាំងពីចែកផ្លូវជាមួយក្លិបនៅលីគកំពូលបារាំង Strasbourg កាលពីខែកក្កដា។

Genoa កំពុងតស៊ូនៅក្នុងការប្រកួតលីគកំពូលអ៊ីតាលី រដូវកាលនេះ ដោយ ឆ្លងកាត់១២ប្រកួតកន្លងមក ពួកគេឈ្នះតែ២ដង ស្មើ៤ដង ចាញ់៦ដង មាន១០ពិន្ទុ ឈរលេខរៀងទី១៧ ពីលើតំបន់កាត់ចោលតែ១ពិន្ទុប៉ុណ្ណោះ។

សម្រាប់លោក Patrick Vieira បានចាប់ផ្តើមអាជីពជាគ្រូបង្វឹក ដោយដឹកនាំក្រុមយុវជន Manchester City អាយុក្រោម ២៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ ដល់ ២០១៥ មុនពេលក្លាយជាគ្រូបង្វឹកក្រុមឈុតធំរបស់ក្រុមនៅលីគកំពូលអាមេរិក New York City ពីឆ្នាំ២០១៦-១៨។ លោកបានមកដឹកនាំក្លិបបាល់ទាត់នៅតំបន់អឺរ៉ុបវិញ ដោយដឹកនាំក្លិប បារាំង Nice ពីឆ្នាំ២០១៨-២០ Crystal Palace ពីឆ្នាំ ២០២១-២៣ និង Strasbourg នៅរដូវកាលកន្លងទៅ។

ការទៅដឹកនាំ Genoa នេះ លោក Patrick Vieira នឹងបានជួបជុំជាមួយខ្សែប្រយុទ្ធ Mario Balotelli ជាថ្មីម្តងទៀត បន្ទាប់ពីអ្នកទាំង២ធ្លាប់រួមការងារជាមួយគ្នានៅក្លិប Nice នៅពេលកន្លងមក។
ដោយឡែក Genoa នឹងបន្តការប្រកួត ក្របខណ្ឌ Serie A របស់ខ្លួនឡើងវិញក្រោយការសម្រាកអន្តរជាតិ ដោយត្រូវប៉ះ ក្រុម Lazio នៅថ្ងៃទី២៧ ខែវិច្ឆិកា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង