×

Max Verstappen យកបានតំណែងជើងឯកប្រណាំងរថយន្ត F1 រដូវកាល ២០២៤

កីឡាករហូរឡង់ Max Verstappen បានក្លាយជាម្ចាស់ជើងឯកពិភពលោកការប្រណាំងរថយន្ត F1 រដូវកាល២០២៤នេះ បន្ទាប់ពីបានបញ្ចប់ការប្រកួតកម្មវិធី Las Vegas Grand Prix រួចមក។

កម្មវិធី Las Vegas Grand Prix ដែលជាដំណាក់កាលទី ២២ ក្នុងចំណោម២៤ នៃការប្រណាំងរថយន្ត F1 រដូវកាល២០២៤នេះ បានធ្វើឡើងនាទីលានដែលមានឈ្មោះថា ថា Las Vegas Strip Circuit ស្ថិតនៅទីក្រុង Paradise រដ្ឋ Nevada សហរដ្ឋអាមេរិក ដោយកីឡាករទាំងអស់នឹងត្រូវធ្វើការប្រជែងគ្នា ជិះចំនួន ៥០ជុំទីលាន សរុបចម្ងាយផ្លូវ ៣០៩,៩៥៨ គីឡូម៉ែត្រ។

ជាលទ្ធផល គឺកីឡាករអង់គ្លេស George Russell មកពីក្រុម Mercedes ជាអ្នកទទួលបានជ័យជំនះដោយប្រើពេលអស់១ម៉ោង ២២នាទី និង៥វិនាទី ចុច៩៦៩។ កីឡាករអង់គ្លេស Lewis Hamilton មកពីក្រុម Mercedes ទទួលបានចំណាត់ថ្នាក់លេខ២ យឺតជាង ៧វិនាទី ចុច៣១៣ ហើយកីឡាករអេស្ប៉ាញ Carlos Sainz មកពីក្រុម Ferrari ទទួលបានចំណាត់ថ្នាក់លេខ៣ យឺតជាង ១១វិនាទី ចុច ៩០៦។ រីឯ Max Verstappen សមាជិករបស់ក្រុម Red Bull Racing បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ដោយយឺតជាង ១៦វិនាទី ចុច ៥៨២។

យ៉ាងណាមិញ ការដែល Max Verstappen អាចក្លាយជាម្ចាស់ជើងឯកពិភពលោកឆ្នាំ២០២៤នេះ គឺបន្ទាប់ពីរូបគេ មានពិន្ទុសរុបរហូតដល់ទៅ ៤០៣ពិន្ទុ នាំមុខកីឡាករលេខ២ Lando Norris ដល់ទៅ ៦៣ពិន្ទុ ខណៈការប្រកួតនៅសល់តែ២ដំណាក់កាលទៀត។

នេះគឺជាលើកទី៤ជាប់ៗគ្នាហើយ ដែល Max Verstappen បានក្លាយជាម្ចាស់ជើងឯកពិភពលោកនៃការប្រណាំង រថយន្ត F1។

ការប្រកួតជាបន្តដែលនៅសល់២ដំណាក់កាលទៀត គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយក្នុងនោះដំណាក់កាលទី ២៣ ជាកម្មវិធី Qatar Grand Prix ធ្វើឡើងនាទីក្រុង Lusail ប្រទេសកាតា នាថ្ងៃទី១ ខែធ្នូខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង