×

កីឡាការិនីហែលទឹកជោគជ័យបំផុតរបស់អូស្ត្រាលី Emma McKeon សម្រេចចិត្តចូលនិវត្តន៍

កីឡាការិនីហែលទឹក Emma McKeon បានសម្រេចចូលនិវត្តន៍ពីអាជីពនៅក្នុងវ័យ៣០ឆ្នាំ ក្នុងនាមជាកីឡាការិនីហែលទឹកជោគជ័យបំផុតរបស់ប្រទេសអូស្ត្រាលី។

នាង Emma McKeon បានបង្ហើបពីការចូលនិវត្តន៍តាំងពីដើមឆ្នាំ២០២៤នេះ ដោយអះអាងថាការចូលរួមព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងប៉ារីស អាចជាពេលវេលាចុងក្រោយនៃការបង្ហាញខ្លួនរបស់នាង។

ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសនោះដែរ នាង Emma McKeon បាននាំយក មេដាយមាស១ ប្រាក់១ និងសំរិទ្ធ១ ដើម្បីជួយប្រទេសអូស្ត្រាលីឈានដល់ការប្រកួតអូឡាំពិករដូវក្តៅដ៏ជោគជ័យបំផុតរបស់ខ្លួន។

McKeon បានខកខានការប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍កាលពីឆ្នាំ ២០១២ ប៉ុន្តែបានបោះជំហានយ៉ាងភ្លឺស្វាងនៅអូឡាំពិក ទីក្រុង Rio ក្នុងឆ្នាំ ២០១៦ ជាកន្លែងដែលនាងបានឈ្នះមេដាយមាសអូឡាំពិកដំបូងក្នុងអាជីព រួមជាមួយមេដាយប្រាក់១ និង មេដាយសំរិទ្ធ១ ផងដែរ។ នៅអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ ២០២០ នាង McKeon បានឈ្នះមេដាយមាសដល់ទៅ ៤គ្រឿង និងប្រាក់៣គ្រឿង ហើយបានក្លាយជាអត្តពលិកអូស្ត្រាលី ដ៏ជោគជ័យក្នុងការប្រកួតអូឡាំពិក។

ក្រៅពីជោគជ័យក្នុងព្រឹត្តិការណ៍ដ៏ធំដូចជាព្រឹត្តិការណ៍អូឡាំពិកនេះហើយ នាង Emma McKeon ក៏ទទួលបានជោគជ័យ ក្នុងការប្រកួតហែលទឹកកម្រិតអន្តរជាតិនានាផ្សេងទៀតដូចជាព្រឹត្តិការណ៍ World Championships, Pan Pacific Championships និង Commonwealth Games ផងដែរ។

សរុបមេដាយដែលនាង Emma McKeon បានឈ្នះក្នុងអាជីពគឺមានសរុបដល់ទៅ ៧៥គ្រឿង ដែលមេដាយមាស ៣៤ ប្រាក់២១ និង សំរិទ្ធ ២០គ្រឿង ដែលសមិទ្ធិផលនេះ បានធ្វើអោយនាង ក្លាយជាអត្តពលិកផ្នែកហែលទឹកដែលមានភាពជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសអូស្ត្រាលី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង