×

គ្រូ Barcelona បង្ហាញភាពរីករាយក្រោយបន្តឈ្នះក្នុងការប្រកួត UEFA Champions League

គ្រូបង្វឹក លោក Hansi Flick បានបង្ហាញពីភាពរីករាយយ៉ាងខ្លាំង បន្ទាប់ពីក្រុម Barcelona របស់លោក បានបន្តទទួលជ័យជំនះនៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League ដោយបានឈ្នះក្រុមបារាំង Brest កាលពីយប់មិញ។

ការប្រកួតដំណើរការបាន ១០នាទី ក្រុម Barcelona បានទទួលឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីកីឡាករ Marco Bizot បានបង្កកំហុសលើ Robert Lewandowski។ Robert Lewandowski ក៏ជាអ្នកទាត់បាល់ពិន័យ១១ម៉ែត្រនេះបញ្ចូលទីបានសម្រេច ដោយវគ្គទី១មានបាល់បញ្ចូលទីតែ១លើកនេះ។ គ្រាប់បាល់នេះដែរបានធ្វើអោយRobert Lewandowski បានក្លាយជាកីឡាករទី៣ក្នុងលោកដែលអាចរកបាន១០០គ្រាប់ក្នុងពានរង្វាន់ UEFA Champions League។

អ្នកដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងពានរង្វាន់ UEFA Champions League គឺ Cristiano Ronaldo ដោយរកបាន១៤១គ្រាប់ ខណៈអ្នកទី២គឺ Lionel Missi ដែលរកបាន ១២៩គ្រាប់ ប៉ុន្តែអ្នកទាំងពីរមិនបានស្ថិតក្នុងការប្រជែងក្នុងពានរង្វាន់អឺរ៉ុបមួយនេះទៀតទេ ដោយ Ronaldo លេងនៅ Al Nassr លីគអារ៉ាប៊ីសាអ៊ូឌីត និង Messi កំពុងលេងនៅលីគអាមេរិក។

ការប្រកួតបន្តនៅវគ្គទី២ ដោយ Barcelona បន្តនាំមុខពីគ្រាប់បាល់របស់ Dani Olmo ស៊ុតចូលនៅនាទី៦៦ ហើយគ្រាប់បាល់ទី៣របស់ក្រុមអ្នកមានបុណ្យ បានកើតឡើងនៅនាទី៩០+២ ជាការធ្វើបានពី Robert Lewandowski ជាគ្រាប់បាល់ទី១០១របស់គេនៅក្នុងពានរង្វាន់ UEFA Champions League ផងដែរ។ សម្រាប់ក្រុម Brest វិញ មិនអាចរកគ្រាប់បាល់បាននោះទេ បើទោះជាប្រឹងវាយសម្រុកវិញក៏ដោយ។ ការប្រកួតបញ្ចប់ដោយលទ្ធផល Barcelona ៣ Brest ០។

បន្ទាប់ពីបានចាញ់ការប្រកួតបើកឆាកកន្លងមក ក្រុម Barcelona បានធ្វើល្អឡើងវិញក្នុងពានរង្វាន់ UEFA Champions League ដោយបានឈ្នះ៤ប្រកួតជាប់ៗគ្នាហើយ។ ភាពល្អប្រសើរនេះ បានធ្វើអោយ គ្រូបង្វឹក Barcelona លោក Hansi Flick មានភាពរីករាយ និង កោតសរសើរការលេងបានល្អរបស់កូនក្រុម។

គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ បានអោយដឹងដូច្នេះ “ ខ្ញុំពិតជារីករាយណាស់ដែលយើងបានឈ្នះការប្រកួត។ យើងបានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អ យើងអាចគាប់សង្កត់គូប្រកួតរបស់យើងបានសម្រេច ហើយយើងថែមទាំងមានការប្រយុទ្ធ និង ការពារយ៉ាងល្អមែនទែន។ ការលេងបានល្អប្រសើរដូចនេះ ជាអ្វីដែលខ្ញុំចង់ឃើញ ហើយខ្ញុំពិតជារីករាយណាស់។”

ជ័យជំនះនេះធ្វើអោយ Barcelona ហក់ឡើងមកឈរលេខ ២ ក្នុងតារាងពិន្ទុ ពានរង្វាន់ UEFA Champions League វគ្គ League Phase ដោយមាន ១២ពិន្ទុ។ រីឯក្រុម Brest ដែលជួបការបរាជ័យដំបូងក្នុងពានរង្វាន់កំពូលអឺរ៉ុបនេះ បានធ្វើអោយពួកគេរអិលចុះទៅលេខ ៩ មាន ១០ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង