កីឡាការិនីអ៊ុយក្រែន Kateryna Sadurska បំបែកកំណត់ត្រាពិភពលោករបស់ខ្លួនឯងទៅលើការជ្រមុជទឹកបានជម្រៅជ្រៅជាងគេ ដោយការសាកល្បងរបស់នាងបានធ្វើឡើងនាតំបន់ Soufrière សារធារណរដ្ឋដូមីនិក។
នារីវ័យ៣២ឆ្នាំ បានជ្រមុជទឹកបានជម្រៅ ៨២ ម៉ែត្រ ដោយប្រើពេលអស់ ៣នាទី និង ១០វិនាទី ដោយការជ្រមុជទឹកនោះ រូបនាងមិនមានពាក់ឧបករណ៍ជំនួយដកដង្ហើម អ្វីទាំងអស់ ប៉ុន្តែក៏មានក្រុមជំនាញចាំផ្តល់ការសង្គ្រោះនៅពេលករណីចាំបាច់ផងដែរ។ បែបនេះក្តី នាង Kateryna Sadurska នៅតែអាចធ្វើបានសម្រេច ដោយសមត្ថភាពរបស់នាងផងដែរ។
ក្នុងនោះដែរ Kateryna Sadurska បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា “ខ្ញុំមានអារម្មណ៍ល្អណាស់។ ប៉ុន្តែដំណើរការនេះវាមិនងាយស្រួលទេ ទម្រាំខ្ញុំអាចសម្រេចជោគជ័យទៅបាន ខ្ញុំហ្វឹកហាត់ជាច្រើនដង នឹងមានការតាំងចិត្តខ្ពស់។ រាល់ការហ្វឹកហាត់ បញ្ហាអាកាសធាតុក៏ជាឧបសគ្គដល់រូបខ្ញុំ ប៉ុន្តែខ្ញុំខិតខំឆ្លងកាត់រឿងទាំងនោះ ហើយបង្កើតកំណត់ត្រាពិភពលោកបាន។”
ការជ្រមុជទឹកបានជម្រៅ ៨២ម៉ែត្រនេះដែរ នាង Kateryna Sadurska បានបំបែកកំណត់ត្រាចាស់ ដែលធ្វើបានក្នុងព្រឹត្តិការណ៍ Freediving World Championships នាតំបន់ Kalamata ប្រទេសក្រិច ដោយនាងជ្រមុជបានជម្រៅ ៨០ម៉ែត្រ៕