
របាយការណ៍អនុគណៈកម្មាធិការរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ស្តីពីកេរ្តិ៍ដំណែលនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា បាននិយាយថា FIFA មានទំនួលខុសត្រូវក្នុងការផ្តល់សំណងដល់ពលករចំណាកស្រុក ប៉ុន្តែមកទល់ពេលនេះពួកគេមិនបានចាត់វិធានការលើអនុសាសន៍ដោះស្រាយបញ្ហានេះនៅឡើយទេ។
របាយការណ៍ចេញពីអនុគណៈកម្មាធិការ FIFA ស្តីពីសិទ្ធិមនុស្ស និងទំនួលខុសត្រូវសង្គម បានពិនិត្យលើសំណើដែលធ្វើឡើងនៅមហាសន្និបាតរបស់ FIFA ដោយសហព័ន្ធកីឡាបាល់ទាត់ន័រវេស NFF ដោយបានចោទសួរថា តើ FIFA អាចចាត់វិធានការអ្វីខ្លះដើម្បីផ្តល់សំណងដល់កម្មករ។
FIFA បានចាប់ផ្តើមមូលនិធិកេរ្តិ៍ដំណែលចំនួន ៥០ លានដុល្លារក្នុងសប្តាហ៍នេះសម្រាប់កម្មវិធីសង្គម ប៉ុន្តែត្រូវបានរិះគន់ដោយអង្គការលើកលែងទោសអន្តរជាតិ Amnesty International ចំពោះការមិនអើពើសម្រាប់គ្រួសាររបស់ពលករចំណាកស្រុកដែលបានបាត់បង់ជីវិត ឬត្រូវបានកេងប្រវ័ញ្ចនៅពេលសាងសង់កីឡដ្ឋានរបស់ប្រទេសកាតាសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នោះ។ សម្រាប់បញ្ហានេះ ប្រទេសមជ្ឈិមបូព៌ាមួយនេះ បានបដិសេធថា កម្មករមិនត្រូវបានកេងប្រវ័ញ្ចនោះឡើយ។
របាយការណ៍បាននិយាយថា ផលប៉ះពាល់សិទ្ធិមនុស្សជាច្រើនបានកើតឡើងនៅក្នុងប្រទេសកាតាពីឆ្នាំ២០១០-២២ សម្រាប់កម្មករ រួមទាំងការស្លាប់ របួស ប្រាក់ឈ្នួលដែលពួកគេមិនទទួលបានជាច្រើនខែ និងបំណុលដែលកម្មករប្រឈមមុខ និងគ្រួសាររបស់ពួកគេដែលសងថ្លៃឈ្នួលដែលពួកគេបង់ដើម្បីទទួលបានការងារ។
កន្លងទៅ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា មូលនិធិគាំទ្រ និងធានារ៉ាប់រងរបស់កម្មករបានផ្តល់សំណងជាង ៣៥០ លានដុល្លារដល់កម្មករក្នុងករណីភាគច្រើនទាក់ទងនឹងការមិនបើកប្រាក់ឈ្នួល ប៉ុន្តែមកទល់ពេលនេះពួកគេហាក់ដូចជាមើលរំលងបញ្ហាដែលកើតឡើង។
អង្គការលើកលែងទោស និងក្រុមសិទ្ធិមនុស្សផ្សេងទៀតបានដឹកនាំការអំពាវនាវអោយ FIFA ផ្តល់សំណងដល់ពលករចំណាកស្រុកសម្រាប់ការរំលោភសិទ្ធិមនុស្សដោយកំណត់ថវិកាចំនួន ៤៤០ លានដុល្លារ ៕