កីឡាករវាយកូនបាល់សែប Novak Djokovic និយាយថា ការសហការជាដៃគូគ្រូបង្វឹកថ្មីរបស់ខ្លួនជាមួយអតីតគូប្រជែង លោក Andy Murray បានជម្រុញទឹកចិត្តក្នុងការប្រកួត។
Novak Djokovic គឺជាកំពូលកីឡាករវាយកូនបាល់ជើងចាស់តែមួយរូបគត់ដែលនៅបន្តការប្រកួត ខណៈគូប្រជែងខ្លាំងៗ របស់គេផ្សេងទៀតដូចជា កីឡាករស្វីស Roger Federer, កីឡាករអេស្ប៉ាញ Rafael Nadal និង កីឡាករអង់គ្លេស Andy Murray ជាដើម សុទ្ធតែបានចូលនិវត្តន៍អស់ហើយ។
យ៉ាងណាមិញ ថ្មីៗនេះ កីឡាករវ័យ៣៧ឆ្នាំ បានសាងភាពរំជើបរំជួលមួយ ដោយបានសម្រេច សហការជាមួយអតីតគូប្រជែងគឺ លោក Andy Murray ដោយជ្រើសតាំងរូបលោកមកជាគ្រូបង្វឹកថ្មីរបស់ខ្លួន ដើម្បីបង្វឹកត្រៀមសម្រាប់កម្មវិធី Australian Open នៅឆ្នាំ២០២៥។
មែនទែនទៅ Novak Djokovic និង Andy Murray គឺជាដៃគូប្រកួតយូរឆ្នាំជាមួយគ្នាផងដែរ ដោយអ្នកទាំង២ ធ្លាប់បានជួបប្រកួតគ្នា ៣៦ដង ហើយ Novak Djokovic បានឈ្នះដល់ទៅ ២៥ដង។
ជាមួយនឹងការជ្រើសរើសយកដៃគូប្រកួតជើងចាស់ដូចគ្នា មកជាគ្រូបង្វឹកថ្មីនេះ ត្រូវបានកីឡាករ Novak Djokovic អះអាងថា នេះការជម្រុញទឹកចិត្តមួយដល់ការប្រកួតរបស់ខ្លួន ព្រោះអ្នកទាំង២យល់ចិត្ត និង បច្ចេកទេសរៀងខ្លួនច្បាស់។
ជុំវិញរឿងនេះ Djokovic អោយដឹងថា “ខ្ញុំសោកស្តាយដែលដៃគូរបស់ខ្ញុំជាច្រើនបានសម្រេចចូលនិវត្តន៍ពីអាជីពវាយកូនបាល់។ ទោះយ៉ាងណា ខ្ញុំក៏មានភាពរីករាយដែលដៃគូចាស់របស់ខ្ញុំមួយរូបគឺ Andy Murray បានយល់ព្រមសហការជាមួយខ្ញុំក្នុងការធ្វើជាគ្រូបង្វឹក។ នេះជាការជម្រុញទឹកចិត្តខ្ញុំ អោយខ្ញុំកាន់តែមានភាពក្លៀវក្លា ក្នុងការប្រកួតកម្មវិធីធំៗនាពេលខាងមុខ។”
Novak Djokovic បានបន្ថែមថា គោលបំណងរបស់គេគឺបន្តលេងនៅរដូវកាលក្រោយ និងឈ្នះ Grand Slams ខណៈដែលចំណេះដឹងរបស់ Murray អំពីគូប្រជែងបច្ចុប្បន្នដូចជា Jannik Sinner និង Carlos Alcaraz ល្អសម្រាប់គេក្នុងការស្វែងបច្ចេកទេសក្នុងការប្រកួតទល់នឹងពួកគេ។
ក្រោយការចូលនិវត្តន៍របស់កីឡាករខ្លាំងៗដូចជា Roger Federer និង Rafael Nadal មានន័យថា Novak Djokovic នឹងនៅតែមានឱកាសស្វែងរកការឈ្នះពានរង្វាន់កម្រិត Grand Slam បានបន្ថែមទៀត ខណៈដែលបច្ចុប្បន្នរូបគេជាកីឡាករឈ្នះពានរង្វាន់កំពូលការប្រកួតវាយកូនបាល់បុរសច្រើនជាងគេរួចទៅហើយ ដោយឈ្នះដល់ទៅ ២៤ដង ខណៈ Rafael Nadal នៅលេខ២ ឈ្នះពានរង្វាន់ Grand Slam ២២ដង ហើយ Roger Federer នៅលេខ៣ ឈ្នះពានរង្វាន់ Grand Slam ចំនួន២០ដង៕