
អតីតខ្សែបម្រើអាហ្សង់ទីន Barcelona និង Liverpool គឺលោក Javier Mascherano បានធ្វើដំណើរដល់រដ្ឋ Florida សហរដ្ឋអាមេរិក ដើម្បីទទួលយកការងារជាគ្រូបង្វឹកថ្មី ដឹកនាំក្លិប Inter Miami FC ក្រោមកិច្ចសន្យា ៣ឆ្នាំ ពោលគឺរហូតដល់ចប់រដូវកាលឆ្នាំ២០២៧ តែម្តង។
បុរសវ័យ ៤០ឆ្នាំ នឹងចូលដឹកនាំក្លិបរបស់លោក David Beckham ជំនួសគ្រូបង្វឹកអាហ្សង់ទីនដូចគ្នា គឺលោក Gerardo Martino ដែលបានលាឈប់ពីតំណែង ដោយសារហេតុផលផ្ទាល់ខ្លួន។
ការដឹកនាំក្លិបលេងនៅក្របខណ្ឌ Major League Soccer ទឹកដីសហរដ្ឋអាមេរិក លោក Mascherano នឹងបានជួបជុំគ្នាវិញជាមួយ Lionel Messi អតីតមិត្តរួមក្រុមទាំងនៅជម្រើសជាតិអាហ្សង់ទីន និងក្លិប Barcelona ក្រោយពេល Messi បានចូលរួមជាមួយ Inter Miami នាអំឡុងខែកក្កដា ឆ្នាំ២០២៣។
គេនៅចាំបានថា លោក Javier Mascherano ទើបតែបានដឹកនាំក្រុមឈុតយុវជន U23 អាហ្សង់ទីន ឈានដល់វគ្គ ៨ក្រុមចុងក្រោយនៅ ព្រឹត្តិការណ៍ Paris Olympics មុនពេលលាឈប់ពីតំណែង។
ក្រៅពីបានជួបជុំជាមួយ Lionel Messi ហើយ លោក Javier Mascherano ក៏នឹងបានជួបជុំជាមួយមិត្តរួមក្លិប Barcelona ដទៃទៀតដូចជា Luis Suarez, Jordi Alba និង Sergio Busquets៕