×

កីឡាករកេនយ៉ា Sabastian Sawe ឈ្នះការរត់ម៉ារ៉ាតុនកម្មវិធី Valencia Marathon 2024

ការប្រកួតរត់ម៉ារ៉ាតុនកម្មវិធី Valencia Marathon 2024 បានដំណើរការឡើងវិញហើយ បន្ទាប់ពីត្រូវពន្យាពេលដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ នាតំបន់ Valencia ប្រទេសអេស្ប៉ាញ។

ការប្រកួតត្រូវគ្រោងធ្វើឡើងតាំងពីខែវិច្ឆិកា ប៉ុន្តែក៏ត្រូវបានពន្យាពេលមកកាន់ខែធ្នូវិញ ដោយសារទីតាំងការប្រកួតនាទីក្រុង Valencia បានរងគ្រោះដោយទឹកជំនន់ ដែលបានសម្លាប់មនុស្សប្រមាណ២២២នាក់។

ការប្រកួតនោះ អ្នកចូលរួមទាំងអស់ត្រូវធ្វើការរត់លើចម្ងាយផ្លូវ ៤២,១៩៥ គីឡូម៉ែត្រ ហើយនៅក្នុងនោះជ័យជំនះផ្នែកបុរសបានទៅលើកីឡាករកេនយ៉ា Sabastian Sawe ប្រើពេលអស់ ២ម៉ោង ២នាទី ៥វិនាទី ។

សម្រាប់ចំណាត់ថ្នាក់លេខ២ និង លេខ ៣ ក៏បានទៅលើកីឡាករកេនយ៉ាដែរ គឺកីឡាករ Deresa Geleta បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និង កីឡាករ Daniel Mateiko បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។

ខាងផ្នែកនារីវិញ កីឡាការិនីអេត្យូពី Megertu Alemu ជាអ្នកទទួលបានជ័យជំនះ ដោយរត់មកដល់ទីព្រ័ត្រ ប្រើពេលអស់ ២ម៉ោង ១៦នាទី និង៤៩វិនាទី។ កីឡាការិនីអ៊ូហ្កាន់ដា Stella Chesang បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ហើយកីឡាការិនីអេត្យូពី Tiruye Mesfin បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។

សូមបញ្ជាក់ថា ការរត់ម៉ារ៉ាតុនកម្មវិធី Valencia Marathon បានដំណើរការតាំងពីឆ្នាំ ១៩៨១មក បើគិតមកទល់ឆ្នាំ ២០២៤នេះ វាជាការដំណើរការលើកទី ៤៣ ហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង