គ្រូបង្វឹក Barcelona លោក Hansi Flick បាននិយាយថា លោកមានភាពរីករាយ បន្ទាប់ពីក្រុមរបស់លោក រកបានជ័យជំនះមកវិញ សម្រាប់ការប្រកួតដំបូងក្នុងខែថ្មីនេះ។
ជាការពិត Barcelona ទើបតែបានយកឈ្នះក្រុម Real Mallorca ដោយលទ្ធផលដល់ទៅ ៥-១ ក្នុងការប្រកួតដំបូងក្នុងខែធ្នូ ដែលជាការប្រកួតក្របខណ្ឌ La Liga។
ការប្រកួតនោះ ក្រុម Barcelona បានរកគ្រាប់បើកឆាកនៅនាទី ១២ ដោយ Ferran Torres ប៉ុន្តែនាទី ៤៣ ក្រុម Real Mallorca តាមស្មើវិញ ដោយ Vedat Muriqi ដើម្បីបញ្ចប់វគ្គទី១ ក្នុងលទ្ធផល ១-១។
យ៉ាងណា ចូលមកដល់វគ្គទី២ ក្រុម Barcelona បានបង្កើតភាពភ្ញាក់ផ្អើល តាមរយៈការគាបសង្កត់ដៃគូ និង ស៊ុតបញ្ចូលទី ៤គ្រាប់បន្ថែមទៀត ដែលជាការធ្វើបានពី Raphinha ទាត់បាល់ពិន័យ១១ម៉ែត្រ នៅនាទី៥៦ មុនពេលកីឡាករ វ័យ២៧ឆ្នាំ រកបាន១គ្រាប់ទៀត នៅនាទី៧៤។ ២គ្រាប់ចុងក្រោយធ្វើបានដោយ Frenkie de Jong នៅនាទី៧៩ និង Pau Víctor នៅនាទី៨៤។
នេះជាការរកបានជ័យមកវិញរបស់ក្រុម Barcelona បន្ទាប់ពីធ្វើមិនបានល្អ៣ប្រកួតកន្លងមក ក្នុងការប្រកួតលីគកំពូលអេស្ប៉ាញ កាលពីខែវិច្ឆិកា កន្លងទៅ ដែលបានធ្វើអោយគ្រូបង្វឹកលោក Hansi Flick មានភាពរីករាយ និង ថាខែដ៏អាក្រក់បានបញ្ចប់ហើយ។
លោក Hansi Flick បានអោយដឹងក្រោយចប់ការប្រកួតយ៉ាងដូច្នេះថា “ការរកគ្រាប់បាល់ជារឿងសំខាន់ណាស់សម្រាប់ពួកយើង។ យើងបានបង្កើតឱកាសជាច្រើន ប៉ុន្តែយើងធ្វើមិនល្អនៅពេលបញ្ចប់ទី តែយ៉ាងការប្រកួតនេះខ្ញុំពិតជារីករាយណាស់ដែលយើងអាចស៊ុតបាន៥គ្រាប់។”
បុរសជនជាតិអាល្លឺម៉ង់ បានបន្ថែមទៀតថា “ពេលវេលាដែលពិបាកខ្លាំងក្នុងខែវិច្ឆិកា បានបញ្ចប់ទៅហើយខែធ្នូនេះកីឡាកររបស់ក្រុមក៏បានត្រឡប់ជាពីរបួសច្រើន ដែលធ្វើអោយក្រុមហាក់មានលំនឹងល្អ ។ សម្រាប់ខ្ញុំការរកគ្រាប់បាល់ច្រើនៗជារឿងចាំបាច់ ហើយថ្ងៃនេះយើងរកបានដល់ទៅ៥គ្រាប់។”
សម្រាប់ជ័យជំនះនេះនៅតែធ្វើអោយ Barcelona បន្តឈរកំពូលតារាង La Liga មាន ៣៧ពិន្ទុ ពីលើក្រុមគូប្រជែង Real Madrid ដែលនៅលេខ២ ចំនួន៤ពិន្ទុ។ រីឯក្រុម Real Mallorca នៅលេខ៦ មាន ២៤ពិន្ទុ៕