លោក Hammad Albalawi ប្រធានការដេញថ្លៃ FIFA World Cup 2034 របស់ប្រទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា ប្រទេសរបស់លោកកំពុងមានការរីកចម្រើនគួរអោយកត់សម្គាល់ក្នុងវិស័យសិទ្ធិមនុស្ស ខណៈអារ៉ាប៊ីសាអូឌីតក៏មានបំណងទាក់ទាញ អ្នកគាំទ្រកាន់តែច្រើនជាងពេលណាៗទាំងអស់ មកចូលរួមការប្រកួតបាល់ទាត់ពិភពលោកនេះ ។
អារ៉ាប៊ីសាអូឌីតគឺជាអ្នកដេញថ្លៃតែមួយគត់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2034 ដោយ FIFA គ្រោងនឹងបោះឆ្នោតនៅពេលឆាប់ៗ ចំពេលមានការព្រួយបារម្ភអំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនេះ។
យ៉ាងណា លោក Albalawi បាននិយាយថា ការបោះជំហានលើសិទ្ធិមនុស្ស ជាពិសេសនៅក្នុងច្បាប់ការងារ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការផ្លាស់ប្តូរទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ក្រោមចក្ខុវិស័យឆ្នាំ ២០៣០។
លោក Albalawi បានប្រាប់សារពត៌មាន Reuters ដូច្នេះ “យើងបានមកដល់ផ្លូវដ៏វែងឆ្ងាយ ។ គោលការណ៍របស់យើងគឺត្រូវអភិវឌ្ឍអ្វីមួយដែលត្រឹមត្រូវ ។ ដំណើររបស់យើងបានចាប់ផ្តើមនៅឆ្នាំ ២០១៦ មិនមែនដោយសារតែការដេញថ្លៃ World Cup ទេ។ យើងបានចាប់ផ្តើមគំនិតផ្តួចផ្តើមដែលផ្តល់នូវសេរីភាព។ រដ្ឋាភិបាលបានប្រកាសពីគោលនយោបាយធានារ៉ាប់រងថ្មីហើយទាំងនេះគឺជារឿងជាក់ស្តែង មិនមែនដោយសារតែយើងកំពុងដេញថ្លៃសម្រាប់ World Cup នោះទេ ប៉ុន្តែដោយសារតែនេះគឺដំណើរការនៃការរីកចម្រើនវិស័យសិទ្ធមនុស្សរបស់យើង ហើយយើងប្តេជ្ញាចិត្តធ្វើវា។”
លោក Albalawi អះអាងបន្ថែមថា ការប្រកួតបាល់ទាត់ពិភពលោកនឹងធ្វើឡើងក្នុងបរិយាកាសសុវត្ថិភាព និងមិត្តភាពជាលក្ខណៈគ្រួសារ ដែលអ្នកទស្សនានឹងរីករាយទាំងក្នុង និងក្រៅកីឡដ្ឋាន ដោយមិនគិតពីការលក់គ្រឿងស្រវឹង ដូចដែលត្រូវបានហាមឃាត់ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២នៅប្រទេសកាតា ដែលជាប្រទេសអ្នកជិតខាងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដូច្នោះដែរ។ លោក Albalawi ក៏បានចង្អុលបង្ហាញពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃកីឡាបាល់ទាត់នារីអារ៉ាប៊ីសាអូឌីត និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដែលជាឧទាហរណ៍នៃការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរសង្គមរបស់ប្រទេស។
កន្លងទៅ អង្គការលើកលែងទោសអន្តរជាតិ និងសម្ព័ន្ធកីឡា និងសិទ្ធិមនុស្ស SRA ធ្លាប់បាននិយាយថា FIFA ត្រូវតែបញ្ឈប់ដំណើរការជ្រើសរើសអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះនៃការប្រកួត World Cup ឆ្នាំ 2034 លុះត្រាតែកំណែទម្រង់សិទ្ធិមនុស្សសំខាន់ៗត្រូវបានប្រកាសមុនពេលបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះ ។
SRA អោយដឹងថា អារ៉ាប៊ីសាអូឌីតនៅតែបន្តធ្វើទារុណកម្មអ្នកប្រឆាំង ចូលរួមក្នុងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការរើសអើងប្រឆាំងនឹងសហគមស្រឡាញ់ភេទដូចគ្នា គាបសង្កត់ស្ត្រី និងជនជាតិភាគតិចសាសនា កេងប្រវ័ញ្ច និងបំពាន លើពលករបរទេស និងរឹតបន្តឹង សិទ្ធិនយោបាយ និងសេរីភាព ស៊ីវិលស្ទើរតែទាំងអស់។ កង្វល់ទាំងនោះ ក៏ត្រូវបានផ្សាយ ដោយសមាជិក អង្គការសហប្រជាជាតិ នៅក្រុមប្រឹក្សា សិទ្ធិមនុស្សក្នុងខែមករា នៅពេលដែល កំណត់ត្រាបទ របស់អារ៉ាប៊ីសាអូឌីតត្រូវបានពិនិត្យ ។ យ៉ាងណាមិញ លោក Infantino ប្រធានរបស់ FIFA បានធ្វើការដើម្បីបង្កើត ទំនាក់ទំនង ជិតស្និទ្ធជាមួយអារ៉ាប៊ីសាអូឌីត ។ កិច្ចព្រមព្រៀងឧបត្ថម្ភការ ប្រកួតបាល់ទាត់ពិភពលោក ជាមួយក្រុមហ៊ុន ប្រេងរដ្ឋអារ៉ាប៊ីសាអូឌីត Aramco បានបង្ហាញពីទំនាក់ទំនងហិរញ្ញវត្ថុកាន់តែស៊ីជម្រៅ៕