
កីឡដ្ឋានទាំង១២នៅទឹកដីអាមេរិកបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ដំណើរការព្រឹត្តិការណ៍ប្រកួតបាល់ទាត់ FIFA Club World Cup 2025។
ជាការពិត កីឡដ្ឋានទាំង១២ ដែលម្ចាស់់ផ្ទះអាមេរិក បានជ្រើសរើសជាទីតាំងដំណើរការការប្រកួត នោះ គឺសុទ្ធសឹងមកពីលីគការប្រកួតវាយកូនបាល់ Baseball និងក្រុមបាល់ទាត់ក្នុងលីគ Major League Soccer រួមមានក្នុងទីក្រុង Atlanta, Charlotte, Cincinnati, Los Angeles, Miami, Nashwille, Philadelphia, Seattle, Washington និង ២ផ្សេងទៀត ស្ថិតនៅក្នុងរដ្ឋ Orlando។
កីឡដ្ឋានទាំងនោះមានដូចជា Audi Field, TQL Stadium, Geodis Park, Inter&Co Stadium, Camping World Stadium, Hard Rock Stadium, Lumen Field, Lincoln Financial Field, Mercedes-Benz Stadium, Bank of America Stadium, Rose Bowl និង MetLife Stadium។ ក្នុងនោះដែរ កីឡដ្ឋាន MetLife Stadium ដែលជាទឹកដីរបស់ក្រុមកីឡាវាយកូនបាល់ Baseball លីគ NFL ក្រុម New York Giants និង New York Jets មានមូលដ្ឋាននាទីក្រុង New York សហរដ្ឋអាមេរិក នឹងក្លាយជាទីតាំងនៃការប្រកួតកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup 2025។
ជាការពិត FIFA Club World Cup 2025 ជាការប្រកួតដែលនឹងមានចំនួនក្រុមកើនឡើង ពីចំនួនជាង ១០ក្រុម រហូតដល់ ៣២ ។ កីឡដ្ឋាន MetLife Stadium ឬ New Jersey ដែលបើកដំណើរការដំបូងតាំងពីឆ្នាំ ២០១០ និងផ្ទុកមនុស្សបាន ៨២,៥០០នាក់ ។
ទីនេះធ្លាប់ក្លាយជាទីកន្លែងដែលធ្វើអោយកីឡាករខ្សែប្រយុទ្ធ Lionel Messi ខកចិត្ត ដោយរបូតពានរង្វាន់ Copa America 2016 ក្រោមថ្វីជើងក្រុមស៊ីលីនៅវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។
កីឡដ្ឋាន MetLife Stadium កាលពីឆ្នាំមុន ក៏ត្រូវបានប្រកាសថាជាទីកន្លែងរៀបចំព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ មួយផងដែរ នៅពេលអាមេរិកធ្វើជាសហម្ចាស់ផ្ទះរួមជាមួយម៉ិកស៊ិក និងកាណាដា។
រូបមន្តនៃការប្រកួត FIFA Club World Cup ថ្មី ដែលមានក្រុមចូលរួមប្រកួតដល់ទៅ ៣២ ក្រុមដោយក្រុមនីមួយៗ នឹងត្រូវចាប់ចូលទៅក្នុងពូលចំនួន ៨ផ្សេងគ្នា មួយពូលមាន ៤ក្រុម ហើយការលេងគឺដូចទៅនឹងរូបមន្តរបស់ការប្រកួត World Cup អ៊ីចឹងដែរ។ ២ក្រុម ឆ្លងផុតវគ្គចែកពូល នឹងបន្តទៅវគ្គ ១៦ក្រុម ដើម្បីប្រកួតជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ។
ទោះយ៉ាងណា រូបមន្តថ្មីនៃ FIFA Club World Cup នេះ ត្រូវបានសមាគមន៍កីឡាករបាល់ទាត់អាជីពអឺរ៉ុប FIFPRO’s European ប្រឆាំងយ៉ាងខ្លាំង ដោយសារមានការបារម្ភពីផលប៉ះពាល់នៃការប្រកួតដ៏ច្រើនលើសលុប ចំពោះសុខភាព រាងកាយនិង សមត្ថភាពរបស់កីឡាករ៕