ក្លិប Chelsea ត្រូវបានរាយការណ៍ថា បានត្រៀមខ្លួនក្នុងការចំណាយ ៦០លានអឺរ៉ូ ដើម្បីនាំយកខ្សែការពារ Willian Pacho ពីក្លិបបារាំង Paris Saint-Germain។
កីឡាករជនជាតិអេក្វាឌ័រ ទើបតែចូលរួមជាមួយក្លិប Paris Saint-Germain ដោយផ្ទេរពីក្លិបអាល្លឺម៉ង់ Eintracht Frankfurt កាលពីរដូវក្តៅនេះប៉ុណ្ណោះ ហើយរូបគេបានចាប់ផ្តើមបានយ៉ាងល្អក្នុងការប្រកួតនៅកីឡដ្ឋាន Parc des Princes។ ដូច្នេះហើយ Paris Saint-Germain ប្រាកដណាស់ថា ពួកគេនឹងមិនចង់បញ្ចេញកីឡាករដែលកំពុងឡើងជើងរបស់ក្រុមទេ ប៉ុន្តែរបាយការណ៍អោយដឹងថា Chelsea ក៏នឹងរក្សាជំហររបស់ខ្លួន ក្នុងការចរចានាំយក Willian Pacho មកកាន់កីឡដ្ឋាន Stamford Bridge ។
មែនទែនទៅ Chelsea មានកីឡាករខ្សែការពារដែលមានគុណភាពជាច្រើនរូបរួចមកហើយ ដូចជា Levi Colwill, Wesley Fofana និង Tosin Adarabioyo ប៉ុន្តែក្រុមតោខៀវចង់បង្កើនជម្រើសនិងការប្រកួតប្រជែងក្នុងក្រុម តាមរយៈការនាំយកកីឡាករថ្មី ហើយ Willian Pacho គឺជាគោលដៅចម្បងរបស់ពួកគេ។
យ៉ាងណាមិញ ជាមួយនឹងការចាកចេញរបស់ Thiago Silva កាលពីរដូវក្តៅ បូករួមទាំង Benoît Badiashile និង Axel Disasi មិនទាន់ច្បាស់លាស់ពីអនាគតរបស់ខ្លួននោះ ដូច្នេះវាអាចមានកន្លែងសមរម្យមួយ សម្រាប់ Willian Pacho សម្រាប់ការមកចូលរួមជាមួយ Chelsea។
Paris Saint-Germain នឹងចង់រក្សាទុកកីឡាករ វ័យ២៣ឆ្នាំ ប៉ុន្តែ Chelsea នឹងត្រៀមខ្លួនចំណាយយ៉ាងធំ ៦០លានអឺរ៉ូ សម្រាប់ការចរចាផ្ទេរកីឡាករ ដែលតម្លៃប៉ុណ្ណេះ អាចអន្ទងចិត្តក្លិបបារាំង អោយធ្វើការពិចារណាបាន។
Chelsea មួយរយៈកាលចុងក្រោយនេះ មានការរីកចម្រើនគួរអោយចាប់អារម្មណ៍ ក្រោមដំណើរការដឹកនាំរបស់គ្រូបង្វឹកលោក Enzo Maresca ដោយកីឡាករវ័យក្មេងដូចជា Cole Palmer, Moises Caicedo, Enzo Fernandez និង Nicolas Jackson បានចាប់ផ្តើមបញ្ចេញសក្កដានុពលរបស់ពួកគេមកជាបណ្តើរៗ។
បើសិនជា ក្រុមតោខៀវពិតជាអាចនាំយក Willian Pacho មកបាន នោះពួកគេនឹងមានជម្រើសល្អៗរយៈពេលវែង ដែលជួយដល់ក្រុមក្នុងការបង្កើនគុណភាព ប្រជែងពានរង្វាន់ធំៗនាពេលអនាគត៕