×

អតីតគ្រូបង្វឹកក្រុមនារីអាមេរិក លោកស្រី Jill Ellis ត្រូវបានតែងតាំងជាប្រធានផ្នែកកីឡាបាល់ទាត់របស់ FIFA

អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់សហរដ្ឋអាមេរិក លោកស្រី Jill Ellis ត្រូវបានតែងតាំងអោយកាន់តំណែងថ្មី ជាប្រធានផ្នែកកីឡាបាល់ទាត់របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលមានភារកិច្ចជំរុញការអភិវឌ្ឍន៍ និងការអនុវត្តយុទ្ធសាស្ត្របាល់ទាត់ពិភពលោករបស់ស្ថាប័នមួយនេះ។

ស្ត្រីវ័យ៥៨ឆ្នាំ ដែលបានដឹកនាំក្រុមសិក្សាបច្ចេកទេសរបស់ FIFA នៅការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣ បានជួយសហរដ្ឋអាមេរិកអោយក្លាយជាជើងឯកពិភពលោកការប្រកួតបាលទាត់នារី ក្នុងឆ្នាំ ២០១៥ និង ២០១៩ ។

FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកស្រី Ellis នឹងធ្វើការជាមួយ លោក Arsene Wenger ដែលជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA ហើយការទទួលខុសត្រូវរបស់លោកស្រីនឹងរួមបញ្ចូលផ្នែកបច្ចេកទេសសំខាន់ៗដែលភ្ជាប់ទៅនឹងការអភិវឌ្ឍន៍ការប្រកួតនៅទូទាំងពិភពលោក។”

FIFA អះអាងបន្ថែមថា “ការបង្កើតតំណែងប្រធានផ្នែកកីឡាបាល់ទាត់បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ FIFA ក្នុងការជំរុញសហគមន៍បាល់ទាត់ពិភពលោកចម្រុះ រួមបញ្ចូល និងអាចចូលដំណើរការបាន ដោយធានាថាបាល់ទាត់នៅតែជាកីឡាសម្រាប់ទាំងអស់គ្នា។ វាក៏ជាជំហានមួយទៀតឆ្ពោះទៅរកការសម្រេចបាននូវមហិច្ឆិតារបស់ FIFA ក្នុងការធ្វើអោយកីឡាបាល់ទាត់មានលក្ខណៈជាសកល និងផ្តល់ឱកាសអោយកីឡាករគ្រប់រូបទាំងបុរសនិងនារី។”

ជុំវិញការទទួលបានតំណែងថ្មីនេះដែរលោកស្រី Ellis បាននិយាយថា “ខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមជាមួយ FIFA ក្នុងតួនាទីត្រួសត្រាយផ្លូវនេះ និងដើម្បីរួមចំណែកដល់ការរីកចម្រើននៃបាល់ទាត់តាមទស្សនៈពិភពលោក។ FIFA មានសមត្ថភាពពិសេសមួយ តាមរយៈបាល់ទាត់ ដើម្បីបង្រួបបង្រួមសហគមន៍និងជំរុញការអភិវឌ្ឍន៍ការប្រកួតទូទាំងពិភពលោក។”

មុនមកកាន់តំណែងថ្មីនៅ FIFA លោកស្រី Jill Ellis បានលាលែងពីតំណែងជាប្រធានក្លិប San Diego Wave របស់នៅក្របខណ្ឌបាល់ទាត់នារីអាមេរិក National Women’s Soccer League ដែលលោកស្រីបានកាន់កាប់តំណែងនេះតាំងពីឆ្នាំ ២០២១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង