ធនាគារអភិវឌ្ឍន៍អាហ្រ្វិក AFDB បានគាំទ្រដល់ការរៀបចំទទួលធ្វើម្ចាស់ផ្ទះ របស់ប្រទេសម៉ារ៉ុកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2030 តាមរយៈកញ្ចប់ហិរញ្ញប្បទានចំនួន ៦៥០លានអឺរ៉ូ ។ នេះបើយោងតាមប្រធានស្ថាប័នអភិវឌ្ឍន៍ពហុភាគី លោក Akinwumi Adesina បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
លោកបាននិយាយក្រោយជួបជាមួយប្រមុខរដ្ឋាភិបាលម៉ារ៉ុកថា “ដើម្បីគាំទ្រដល់ការត្រៀមរៀបចំរបស់ប្រទេសម៉ារ៉ុកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ AFDB នឹងដាក់ជូន ការអនុម័តគម្រោង ហិរញ្ញប្បទានចំនួន ៦៥០លានអឺរ៉ូ ។ ហិរញ្ញប្បទាននេះសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងអាកាសយានដ្ឋាន។”
ដោយបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់ធនាគារសម្រាប់កំណែទម្រង់រចនាសម្ព័ន្ធរបស់ប្រទេសម៉ារ៉ុក លោក Adesina បានរម្លឹកថា ម៉ារ៉ុកគឺជាដៃគូឈានមុខគេរបស់ស្ថាប័នដោយមានផលប័ត្រសកម្មនៃគម្រោងចំនួន ៣៧គ្រោង គ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រដូចជាហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទឹក អនាម័យ និងវិស័យឯកជន។
ការពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលបានផ្តោតលើបញ្ហាប្រឈមនៃការងាររបស់យុវជន និងការអភិវឌ្ឍជំនាញ ដោយ AFDB បានសន្យាថា នឹងគាំទ្រប្រទេសម៉ារ៉ុកក្នុងវិស័យអាទិភាពទាំងនេះ។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំFIFA World Cup 2030 មានម្ចាស់ផ្ទះរួមដល់ទៅ ៦ប្រទេស និង ៣ទ្វីបផ្សេងគ្នា ពោលគឺ ម៉ារ៉ុក ព័រទុយហ្គាល់ និង អេស៉្បាញ ជាសហម្ចាស់ផ្ទះ។ ដោយឡែក ៣ប្រកួតផ្សេងទៀតធ្វើនៅទ្វីបអាមេរិកធ្វើជាម្ចាស់ផ្ទះរួម តែប្រកួតបើកឆាក ដើម្បីអបអរខួប ១០០ឆ្នាំនៃជើងឯកពិភពលោក រួមមាន អាហ្សង់ទីន, ប៉ារាហ្គាយ និង អុយរ៉ាហ្គាយ៕