×

ខ្សែបម្រើ Martin Zubimendi របស់ Real Sociedad ក្លាយជាគោលដៅរបស់ Man City

ក្លិប Man City កំពុងស្វែងរកអ្នកជំនួស ខ្សែបម្រើ Rodri ដោយពួកគេនឹងឈានជើងចូលទីផ្សារដោះដូរកីឡាករខែមករា ហើយគោលដៅមួយក្នុងចំណោមគោលដៅដែលមើលឃើញថ្មីៗនេះនោះគឺខ្សែបម្រើ Martin Zubimendi របស់ក្លិប Real Sociedad។

ជាការពិត Rodri ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៤ បានអវត្តមានតាំងពីដើមរដូវកាលមក ដោយបានរងរបួសជង្គង់ធ្ងន់ធ្ងរ ។ អវត្តមានរបស់កីឡាករអេស្ប៉ាញ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលប្រកួតរបស់ក្រុមម្ចាស់ជើងឯក Premier League គ្រប់កម្មវិធី។ វាអាចចាត់ទុកថាជាវិបត្តិនៅ Man City ដោយសារពួកគេមិនបានឃើញស្ថានភាពអាក្រក់បែបនេះ រយៈពេលជាច្រើនឆ្នាំមកនេះ។

គ្រូបង្វឹក Man City លោក Pep Guardiola គ្រោងនឹងកសាងក្រុម ឡើងវិញនៅឆ្នាំ ២០២៥ ហើយគោលដៅមួយក្នុងចំណោមគោលដៅនៃការនាំយកកីឡាករមកពង្រឹងក្រុមឡើងវិញ គឺ Martin Zubimendi របស់ក្លិប Real Sociedad ។ មែនទែនទៅ Man City ត្រូវបានផ្សារភ្ជាប់ទៅនឹងកីឡាករវ័យ២៥ឆ្នាំ ចាប់តាំងពីខែតុលាមកម្ល៉េះ ខណៈរូបគេមានថ្លៃផ្តាច់កុងត្រា ៦០ លានអឺរ៉ូក្នុងកិច្ចសន្យាបច្ចុប្បន្ន។

ទោះបែបនេះក្តី លទ្ធភាពនៃការនាំយក Martin Zubimendi ទៅកាន់ទឹកដី Etihad ត្រូវបានចោទសួរផងដែរ នោះក៏ព្រោះតែសាមីកីឡាករ មិនចង់លេងក្នុងនាមជាតួអង្គជំនួសនោះទេ ដោយប្រសិនបើ Rodri បានធូរស្រាលរបួសត្រឡប់មកវិញ នោះរូបគេនឹងអាចត្រូវមើលរំលង។ មួយវិញទៀត Man City ក៏នឹងជួបគូប្រជែងដ៏ធំមួយនោះគឺក្លិប Liverpool ដែលត្រូវបានរាយការណ៍ថា ចាប់អារម្មណ៍លើ Martin Zubimendi ដែរ។

Martin Zubimendi ត្រូវបានប៉ុនប៉ងផ្ទេរយកដោយក្លិបហង្សក្រហមតាំងពីទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែមិនបានជោគជ័យ។ យ៉ាងណា Liverpool នៅតែរក្សាចំណាប់អារម្មណ៍ចង់បានកីឡាករអេស្ប៉ាញរូបនេះ ដោយគ្រូបង្វឹកលោក Arne Slot យល់ថា Zubimendi នឹងក្លាយជាការបន្ថែមដ៏ល្អសម្រាប់ក្រុមនាពេលបច្ចុប្បន្ន ហើយពួកគេមិនចង់រារែកក្នុងការរង់ចាំផ្ទេរយកកីឡាកររូបនេះនៅទីផ្សារដោះដូររដូវក្តៅឆ្នាំក្រោយនោះទេ ព្រោះរូបគេអាចនឹងត្រូវបានគូប្រជែងចរចាផ្ទេរយកបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង