×

គ្រូ Southampton ត្រូវបណ្តេញចេញពីតំណែងក្រោយចាញ់ Tottenham Hotspur

Southampton បានសម្រេចបណ្តេញលោក Russell Martin ចេញពីតំណែងគ្រូបង្វឹក ក្រោយពីក្រុមបានបរាជ័យក្រោមថ្វីជើង Tottenham Hotspur ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

បុរសជនជាតិអង់គ្លេស វ័យ៣៨ឆ្នាំ បានជួយក្រុមរហស្សនាមព្រះម៉ែម៉ារី ឡើងពីលីគទី២ Championship មកកាន់លីគកំពូលអង់គ្លេស កាលពីរដូវកាលមុន នៅក្នុងការកាន់តំណែងរដូវកាលដំបូងរបស់លោក។

ប៉ុន្តែការដឹកនាំនៅក្របខណ្ឌ Premier League នេះ លោក Russell Martin មិនបានជួយអោយក្រុមទទួលបានលទ្ធផលល្អនោះទេ ដោយឆ្លងកាត់ការប្រកួត១៦លើកកន្លងមក Southampton បានឈ្នះតែ១ដង ស្មើ២ដង និង ចាញ់១៣ដង។ ការបរាជ័យចុងក្រោយគឺចាញ់ Tottenham Hotspur ដោយលទ្ធផលដល់ទៅ ៥-០ ដែលធ្វើអោយ Southampton បន្តស្ថិតនៅបាតតារាង Premier League មានតែ៥ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិភាព ៩ពិន្ទុ និងជាការប្រកួតដែលធ្វើអោយលោក Russell Martin ត្រូវរបូតតំណែង ។

ជុំវិញការបញ្ចប់តំណែងគ្រូបង្វឹកនេះដែរ ខាងក្លិប Southampton បានចេញសេចក្តីថ្លែងការណ៍ថា “ក្នុងការចាប់ផ្តើមនៃរដូវកាលនេះ យើងទាំងអស់គ្នាបានដឹងពីបញ្ហាប្រឈមដែលយើងជួបប្រទះ។ ការពិតនៃស្ថានភាពរបស់យើងគឺច្បាស់ណាស់ថាយើងកំពុងមានលទ្ធផលអាក្រក់។ ក្រុមប្រឹក្សាភិបាលបានគាំទ្រលោក Russell និងបុគ្គលិករបស់គាត់ ប៉ុន្តែយើងចង់ផ្លាស់ប្តូរស្ថានការណ៍។ យើងសូមយកឱកាសនេះថ្លែងអំណរគុណដល់លោក Russell សម្រាប់ការខិតខំប្រឹងប្រែង និងការលះបង់ទាំងអស់ដែលលោកបានផ្តល់អោយក្លិបទាំងនៅក្នុង និងក្រៅទីលានក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ។”

ក្រោយការបញ្ចប់តំណែងលោក Russell Martin ក្រុម Southampton និងស្ថិតក្រោមការដឹកនាំជាណ្តោះអាសន្នដោយគ្រូបង្វឹកក្រុមយុវជន U-21 របស់ក្លិបគឺ លោក Simon Rusk ដោយលោកនឹងដឹកនាំក្រុមលើកដំបូងប្រកួតទល់នឹងក្រុម Liverpool ក្នុងពានរង្វាន់ EFL Cup វគ្គ៨ក្រុមចុងក្រោយ នៅពាក់កណ្តាលសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង