
ក្រុមម៉ិកស៊ិក Pachuca បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA Challenger Cup 2024 បន្ទាប់ពីយកឈ្នះក្រុមអេហ្ស៊ីប Al Ahly តាមរយៈការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្រោយស្មើគ្នា ០-០ នៅ១២០នាទី។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Ras Abu Aboud ទីក្រុង Doha ប្រទេសកាតានោះ ក្រុមទាំង២បានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំងក្លាដើម្បីស្វែងរកគ្រាប់បាល់ ប៉ុន្តែ ៩០នាទីដំបូងមិនមានការស៊ុតបញ្ចូលទីនោះទេ។ ការប្រកួតឈានដល់ការបន្ថែមម៉ោង ១៥ នាទី ២ដង ក៏កីឡាករទាំងក្រុម Pachuca និង Al Ahly មិនអាចរកគ្រាប់បាល់បានដដែល ទើបការប្រកួតឈានដល់ការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ហើយក្នុងនោះ Pachuca ធ្វើបានសម្រេច ៦គ្រាប់ រីឯ Al Ahly ធ្វើបានសម្រេច៥គ្រាប់ ដែលនាំអោយ Pachuca ជាអ្នកទទួលបានជ័យជំនះ។
ចំពោះជ័យជំនះនោះដែរបានធ្វើអោយគ្រូបង្វឹកក្រុម Pachuca លោក Guillermo Almada មានភាពរីករាយយ៉ាងខ្លាំង តែក៏ទទួលស្គាល់ថា ក្រុមខ្លួនបានជួបគូប្រកួតដ៏ពិបាក។
លោក Guillermo Almada បានអោយដឹងក្រោយចប់ការប្រកួតថា “វាជាការប្រកួតដ៏ពិបាក ព្រោះយើងមានការប្រកួតច្រើន ហើយកីឡាករមានភាពនឿយហត់។ យ៉ាងណា ខ្ញុំបានដាក់ការជឿជាក់ទាំងស្រុងទៅលើកីឡាកររបស់ខ្ញុំ ហើយពួកគេមិនបានធ្វើអោយខ្ញុំខកបំណងទេ យើងពិតជារីករាយខ្លាំងណាស់។”
ពានរង្វាន់ FIFA Challenger Cup 2024 គឺទើបតែបង្កើតឡើងក្នុងឆ្នាំ ២០២៤ ប៉ុណ្ណោះ ដែលមានន័យថា ជោគជ័យនេះ ក្រុមម៉ិកស៊ិក Pachuca បានក្លាយជាក្រុមដំបូងគេដែលគ្រងជើងឯក។ FIFA Challenger Cup គឺជាពានរង្វាន់ថ្មី ដែលប្រកួតប្រជែងស្វែងរកក្រុមខ្លាំងមកពីទ្វីបនានាលើកលែងតែទ្វីបអឺរ៉ុបចេញ។ សម្រាប់ក្រុមដែលឈ្នះពានរង្វាន់ FIFA Challenger Cup នឹងត្រូវមានការប្រកួតប្រជែង១ទៀតគឺត្រូវទៅប្រកួតពានរង្វាន់ FIFA Intercontinental Cup ។
FIFA Intercontinental Cup ក៏ជាពានរង្វាន់ដែលទើបបង្កើតថ្មីក្នុងឆ្នាំ ២០២៤ ដែរ ដែលជាការជួបប្រកួតគ្នា រវាងម្ចាស់ជើងឯក FIFA Challenger Cup ទល់នឹងម្ចាស់ជើងឯក UEFA Champions League។ ដូច្នេះមានន័យថា ក្រុម Pachuca នឹងត្រូវបន្តជួបក្រុម Real Madrid ដែលការប្រកួតធ្វើឡើងនាទីកីឡដ្ឋាន Lusail ស្ថិតក្នុងទីក្រុង Lusail ប្រទេសកាតា ថ្ងៃទី ១៨ ខែធ្នូ ខាងមុខ៕