សហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF បានបោះឆ្នោតជ្រើសរើសលោក Rafael Louzan ជាប្រធានថ្មី បន្ទាប់ពីមានភាពចលាចលអស់រយៈពេលជាងមួយឆ្នាំនៅឯស្ថាប័នដែលមានរឿងអាស្រូវបន្ទាប់ពីការទម្លាក់អតីតប្រធានសហព័ន្ធ លោក Luis Rubiales ។
RFEF បានជួបប្រទះបញ្ហា បន្ទាប់ពី អតីតប្រធានសហព័ន្ធ លោក Luis Rubiales ត្រូវបានដកតំណែង និងក្លាយជាគោលដៅនៃការស៊ើបអង្កេតអំពើពុករលួយ ការរំលោភផ្លូវភេទ ទៅលើការថើបដោយមិនមានការព្រមព្រៀងជាមួយកីឡាការិនី Jenni Hermoso បន្ទាប់ពីអេស្ប៉ាញបានឈ្នះជើងឯកការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣ នៅទីក្រុងស៊ីដនី ប្រទេអូស្ត្រាលី។ កាលពីខែមេសាឆ្នាំនោះ រដ្ឋាភិបាលអេស្ប៉ាញបានបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីមើលការខុសត្រូវលើ RFEF រហូតដល់មានការបោះឆ្នោតរើសប្រធានថ្មី។
ការបោះឆ្នោតបានធ្វើឡើងនាពេលថ្មីៗនេះ ដោយលោក Rafael Louzan វ័យ ៥៧ ឆ្នាំ បានទទួល ៩០ សម្លេង ដើម្បីផ្តួលគូប្រជែង លោក Salvador Gomar ដែលទទួលបានតែ ៤៣ សម្លេង។ ទោះយ៉ាងណា លោក Louzan ក៏មានបញ្ហាផ្លូវច្បាប់ដែលអាចញាំញីក្តីសង្ឃឹមរបស់ RFEF ក្នុងការត្រៀមខ្លួនធ្វើជាសហម្ចាស់ផ្ទះ World Cup 2030។
នៅខែឧសភា ឆ្នាំ ២០២២ លោក Louzan ត្រូវបានគេរកឃើញថាមានពិរុទ្ធ ដែលពាក់ព័ន្ធនឹងកិច្ចសន្យាដើម្បីកែលម្អទីលានបាល់ទាត់នៅក្នុងទីក្រុង Morana ។ ទោះបីជាលោក រួចផុតការចោទប្រកាន់ ប៉ុន្តែវាបានរារាំងលោកពីការកាន់តំណែងមុខងារសាធារណៈរយៈពេល៧ ឆ្នាំ។ លោក Louzan បានបដិសេធមិនធ្វើខុស និងបានប្តឹងឧទ្ធរណ៍ ដែលអនុញ្ញាតអោយលោកឈរឈ្មោះជាប្រធាន RFEF ថ្មី។ តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសាទុក្ខនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥។
គាំទ្រដោយការបោះឆ្នោតរបស់ក្លិបអាជីព ការជាប់ឆ្នោតរបស់លោក Louzan អាចនឹងបញ្ចប់ការខ្វែងគំនិតគ្នាជាច្រើនឆ្នាំរវាងស្ថាប័ន RFEF និងស្ថាប័ន La Liga ដ្បិតរូបលោកត្រូវបានដឹងថា មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Javier Tebas ដែលជាប្រធាន ប័ន La Liga ។
យ៉ាងណា បើសិនជាការតស៊ូផ្លូវច្បាប់របស់លោក Rafael Louzan ជួបការបរាជ័យ នោះលោកនឹងមិនអាចកាន់តំណែងជាប្រធាន RFEF ទេ ហើយស្ថាប័ននឹងត្រូវស្វែងរកអ្នកជំនួសវិញ៕