គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស លោកស្រី Sarina Wiegman បាននិយាយថា ក្រុមរបស់លោកស្រី ក្រុមខ្លួនបានស្ថិតក្នុងពូលគ្រោះថ្នាក់នៃការប្រកួតប្រជែងពានរង្វាន់ UEFA Women’s Euro 2025។
ជាការពិត ការចាប់ឆ្នោតផ្គូផ្គងវគ្គចែកពូលពានរង្វាន់បាល់ទាត់កំពូលទ្វីបអឺរ៉ុបផ្នែកនារី UEFA Women’s Euro 2025 បានធ្វើឡើងរួចរាល់ហើយនាទីក្រុង Lausanne ប្រទេសស្វីស។
ការប្រកួតវគ្គចែកពូលនេះ មានចំនួន៤ពូលស្មើ១៦ក្រុម ដោយក្នុងនោះពូល A មាន ក្រុមម្ចាស់ផ្ទះស្វីស ន័រវេស អ៊ីស្លង់ និង ហ្វាំងឡង់។ ពូល B មាន ក្រុមនារី អេស្ប៉ាញ ព័រទុយហ្កាល់ បែលហ្ស៊ីក និង អ៊ីតាលី។ ពូល C មានក្រុមនារី អាល្លឺម៉ង់ ប៉ូឡូញ ដាណឺម៉ាក និង ស៊ុយអែត។ ចុងក្រោយពូល D មានក្រុមការពារជើងឯកអង់គ្លេស បារាំង វេលស៍ និង ហូឡង់។
ក្រោយពីបានឃើញលទ្ធផលនៃការផ្គូផ្គងវគ្គចែកពូលនេះ គ្រូបង្វឹក ក្រុមនារីអង់គ្លេសលោកស្រី Sarina Wiegman បានទទួលស្គាល់ថា នេះជាការប្រកួតដ៏ពិបាកដែលក្រុមលោកស្រីនឹងត្រូវជួបប្រទះ ហើយក្នុងនោះក៏មានអតីតក្រុមហូឡង់ដែលលោកស្រីធ្លាប់ដឹកនាំ ពីឆ្នាំ ២០១៧-២១ និងបានជួយក្រុមឈ្នះជើងឯក UEFA Women’s Euro កាលពីឆ្នាំ ២០១៧ ផងដែរ។
ជុំវិញរឿងនេះ ស្តី្រវ័យ ៥៥ ឆ្នាំ បានអោយដឹងថា “វាជាពូលដ៏ស្វិតស្វាញ ដូច្នេះហើយ យើងត្រូវតែមុតស្រួច និងរក្សាភាពខ្លាំងរបស់យើង។ ប៉ុន្តែវាដូចគ្នាសម្រាប់ក្រុមផ្សេងទៀតនៅក្នុងពូលរបស់យើងដែរ គឺពួកគេនឹងធ្វើដូចយើង។ វានឹងក្លាយជារឿងដ៏រំភើបមួយ។ ខ្ញុំគិតថាអ្នកគ្រប់គ្នានឹងមើលក្រុមរបស់យើងក្រៅពីក្រុមផ្សេងទៀត។ ការផ្គូផ្គងចូលពូលដែលមានក្រុមខ្លាំងៗ ជារឿងល្អ ដែលយើងនឹងប្រឹងប្រែងធ្វើអោយក្រុមរបស់យើងមានការរីកចម្រើន ប៉ុន្តែវាក៏ជាការប្រថុយប្រថានយ៉ាងខ្លាំងសម្រាប់យើងដូចគ្នា។”
ការប្រកួត UEFA Women’s Euro 2025 គឺជាការដំណើរការលើកទី១៤នៅក្នុងប្រវត្តិសាស្ត្រ ដោយនឹងប្រព្រឹត្តទៅនៅប្រទេសស្វីសចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ២៧ ខែកក្កដា នាកីឡដ្ឋានចំនួន៨ កន្លែង ពីទីក្រុង ៨ របស់ប្រទេសស្វីស ហើយក្នុងនោះកីឡដ្ឋាន St. Jakob-Park ក្នុងទីក្រុង Basel នឹងក្លាយជាទីលានប្រកួតវគ្គផ្តាច់ព្រ័ត្រ៕