
លោក Carlo Ancelotti គ្រូបង្វឹក Real Madrid បាននិយាយថា ការឈ្នះពានរង្វាន់ FIFA Intercontinental Cup នឹងក្លាយជាការបញ្ចប់ឆ្នាំ ២០២៤ ដែលមិនអាចបំភ្លេចបាន ខណៈដែលក្រុមអធិរាជសត្រៀមជួបជាមួយក្រុមម៉ិកស៊ិក Pachuca នៅពាក់កណ្តាលសប្តាហ៍នេះ។
ជាការពិត Real Madrid បានឈ្នះពានរង្វាន់ UEFA Champions League, La Liga និង Spanish Super Cup រួចហើយនៅឆ្នាំ២០២៤នេះ តែលោក Ancelotti បាននិយាយថា ការលើកពាន FIFA Intercontinental Cup នឹងមានន័យដ៏អស្ចារ្យសម្រាប់ក្រុម និង កីឡាករ ព្រមទាំងអ្នកគាំទ្រ Real Madrid ជុំវិញពិភពលោក។
លោក Carlo Ancelotti បានអោយដឹងដូច្នេះ “ វាមានន័យច្រើន។ យើងបានឈ្នះពានរង្វាន់ UEFA Champions League ហើយយើងត្រូវតែបិទបញ្ចប់ឆ្នាំអោយបានយ៉ាងល្អ ដែលជារដូវកាលដ៏ជោគជ័យសម្រាប់យើង។ ជាក់ស្តែង វាក៏មានសារៈសំខាន់ផងដែរសម្រាប់ក្លិបក្នុងការឈ្នះការប្រកួតក្លិបកម្រិតអន្តរជាតិម្តងទៀត ដោយសារតែយើងមានអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោក ហើយពួកគេចង់ឃើញយើងលើកពានបន្ថែមទៀត។”
Real Madrid នឹងត្រូវជួប Pachuca ក្នុងពានរង្វាន់ Intercontinental Cup ដែលធ្វើឡើងនា កីឡដ្ឋាន Lusail ស្ថិតក្នុងទីក្រុង Lusail ប្រទេសកាតា ថ្ងៃទី ១៨ ខែធ្នូនេះ។
ក្រុមម៉ិកស៊ិក Pachuca បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA Challenger Cup 2024 បន្ទាប់ពីយកឈ្នះក្រុមអេហ្ស៊ីប Al Ahly តាមរយៈការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្រោយស្មើគ្នា ០-០ នៅ១២០នាទី។ ពានរង្វាន់ FIFA Challenger Cup 2024 គឺទើបតែបង្កើតឡើងក្នុងឆ្នាំ ២០២៤ ប៉ុណ្ណោះ ដែលមានន័យថា ជោគជ័យនេះ ក្រុមម៉ិកស៊ិក Pachuca បានក្លាយជាក្រុមដំបូងគេដែលគ្រងជើងឯក។
FIFA Challenger Cup គឺជាពានរង្វាន់ថ្មី ដែលប្រកួតប្រជែងស្វែងរកក្រុមខ្លាំងមកពីទ្វីបនានាលើកលែងតែទ្វីបអឺរ៉ុបចេញ។ សម្រាប់ក្រុមដែលឈ្នះពានរង្វាន់ FIFA Challenger Cup នឹងត្រូវមានការប្រកួតប្រជែង១ទៀតគឺត្រូវទៅប្រកួតពានរង្វាន់ FIFA Intercontinental Cup ។ FIFA Intercontinental Cup ក៏ជាពានរង្វាន់ដែលទើបបង្កើតថ្មីក្នុងឆ្នាំ ២០២៤ ដែរ ដែលជាការជួបប្រកួតគ្នា រវាងម្ចាស់ជើងឯក FIFA Challenger Cup ទល់នឹងម្ចាស់ជើងឯក UEFA Champions League៕