×

ខ្សែប្រយុទ្ធ Vinícius Júnior ឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ឆ្នាំ២០២៤

ខ្សែប្រយុទ្ធ Vinícius Júnior បានក្លាយជាម្ចាស់ពានកីឡាករល្អបំផុតប្រចាំឆ្នាំ២០២៤ របស់សហព័ន្ធបាល់ទាត់ពិភពលោក Best FIFA Player of the Year ក្រោយទទួលបានសំឡេងគាំទ្រលើសគូប្រជែង Rodri និងមិត្តរួមក្រុម Jude Bellingham។

ពិធីប្រគល់ពាន The Best FIFA Football Awards ឆ្នាំ ២០២៤ ដែលធ្វើឡើងក្នុងទីក្រុង Doha ប្រទេសកាតា ក្រោមការរៀបចំរបស់ FIFA។ Vinícius Júnior សមាជិករបស់ Real Madrid និងក្រុមជម្រើសជាតិប្រេស៊ីល ជាប់ជា Best FIFA Player តាមរយៈការបោះឆ្នោតពីក្រុមគ្រូបង្វឹក ប្រធានក្រុម និងអ្នកសារព័ត៌មានជុំវិញពិភពលោក។

កីឡាករវ័យ២៤ឆ្នាំ ទទួលបានសំឡេងគាំទ្រសរុប ៤៨សំឡេង នាំមុខ កីឡាករអេស្ប៉ាញ Rodri ដែលឈ្នះ Ballon d’Or ចំនួន៥សំឡេង និងកីឡាករអង់គ្លេស Bellingham ស្ថិតនៅចំណាត់ថ្នាក់លេខ៣ មាន ៣៧សំឡេង។

Vinícius Júnior បានជួយ Real Madrid ឈ្នះជើងឯកលីគកំពូលអេស្ប៉ាញ La Liga និង UEFA Champions League រដូវកាលមុន ជាមួយការរកគ្រាប់ស៊ុតបញ្ចូលទី ២៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទី ១១លើក។

ដោយឡែកពានរង្វាន់ដទៃទៀត ដូចជាពានរង្វាន់ គ្រូបង្វឹកបុរសល្អបំផុតប្រចាំឆ្នាំរបស់ FIFA បានទៅលើ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ដែលដឹកនាំ Real Madrid ឈ្នះ La Liga និង UEFA Champions League ដោយបានប្រជែងឈ្នះលោក Xabi Alonso គ្រូបង្វឹក Bayer Leverkusen និងគ្រូបង្វឹក Man City លោក Pep Guardiola ។

ពានរង្វាន់ អ្នកចាំទីល្អបំផុត The Best FIFA Goalkeeper នៅតែកាន់កាប់ដោយ Emiliano Martinez របស់ Aston Villa និងក្រុមជម្រើសជាតិអាហ្សង់ទីន ដោយវាជាលើកទី២ជាប់គ្នាហើយដែលរូបគេឈ្នះពានរង្វាន់នេះ។ កីឡាករ វ័យ៣១ឆ្នាំ រួមចំណែកយ៉ាងសំខាន់ក្នុងការនាំ Aston Villa បង្ហាញខ្លួននៅ UEFA Champions League សាជាថ្មី។

សម្រាប់ពានរង្វាន់ កីឡាករស៊ុតបញ្ចូលទីល្អដាច់គេប្រចាំឆ្នាំ The Puskas Award បានទៅលើ Alejandro Garnacho ខ្សែប្រយុទ្ធរបស់ Man UTD ។ គ្រាប់បាល់ល្អរបស់កីឡាករអាហ្សង់ទីនរូបនេះ កើតឡើងក្នុងជំនួបរវាង Man UTD ទល់ Everton តាមរយៈការទាត់បាល់ស៊ីហ្សូ។

ដោយឡែកផ្នែកនារីវិញ កីឡាការិនីខ្សែប្រយុទ្ធ Barcelona និងជម្រើសជាតិអេស្ប៉ាញ Aitana Bonmatí ឈ្នះពានកីឡាការិនីឆ្នើមប្រចាំឆ្នាំ Best women’s player award។ នារីវ័យ២៦ឆ្នាំ បានជួយ Barcelona លើកពានលីគ និង នាំអេស្ប៉ាញ ឈ្នះ FIFA World Cup ឆ្នាំ ២០២៤៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង