ក្រុមហ៊ុន A22 Sports ដែលធ្លាប់មានបំណងបង្កើតពានរង្វាន់ European Super League គ្រោងដាក់សំណើទៅសហព័ន្ធបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដើម្បីបង្កើតពានរង្វាន់ក្នុងទ្វីបអឺរ៉ុបថ្មីមួយ មានឈ្មោះថា Unify League ។
គម្រោងបង្កើតពានរង្វាន់ថ្មី ពីស្ថាប័នផ្សព្វផ្សាយគម្រោងការពានរង្វាន់ European Super League ដែលធ្លាប់រងការរិះគន់ និងមានការប្តឹងផ្តល់គ្នាយ៉ាងខ្លាំងជាមួយ UEFA បានត្រៀមខ្លួនដាក់សំណើបង្កើតពានរង្វាន់អឺរ៉ុបថ្មី ដោយប្តូរឈ្មោះទៅជា Unify League ហើយមានចំនួនក្រុម អាចចូលរួមប្រកួតប្រជែងបានដល់ទៅ ៩៦ក្រុម ទាំងបុរស និងនារី។
សំណើបង្កើតពានអឺរ៉ុបថ្មីនេះ គ្រោងធ្វើឡើងក្រោយពីស្ថាប័នគ្រប់គ្រង European Super League បានឈ្នះរឿងក្តី ទាក់ទងនឹងការបង្កើតពានរង្វាន់ថ្មី ទល់នឹង UEFA នាពេលកន្លងមក។ តុលាការសហភាពអឺរ៉ុប កាត់ក្តីអោយក្រុមហ៊ុន A22 Sports ឈ្នះ និងបានចោទប្រកាន់ការជំទាស់របស់ FIFA និង UEFA ថារំលោភបំពាន ដោយប្រើសិទ្ធិអំណាចទៅលើគម្រោងការបង្កើត European Super League កន្លងមក។
ហេតុផលសំខាន់ជួយអោយ European Super League ឈ្នះក្តី ព្រោះតែច្បាប់សហភាពអឺរ៉ុប បានចែងថា ការបង្កើតការប្រកួតដែលមិនប៉ះពាល់ដល់កាលវិភាគការប្រកួតអន្តរជាតិ និងតាមប្រទេសនីមួយៗ នៅតំបន់អឺរ៉ុបដែមានស្រាប់ គឺអាចបង្កើតឡើងជាផ្លូវការបាន។
ទោះជាយ៉ាងណា ក្លិបធំៗប្រចាំលីគកំពូល រួមមាន Premier League, Bundesliga, La Liga, Serie A ព្រមទាំងសមាជិក ក្នុងសមាគមក្លិបកំពូលៗក្នុងតំបន់អឺរ៉ុប នៅតែរក្សា ជំហររបស់ពួកគេ គាំទ្រទៅដល់ការប្រកួតពានរង្វាន់ ដែលរៀបចំដោយ UEFA ដដែល និងប្រឆាំង មិនចូលរួមការប្រកួតពានរៀបចំដោយ European Super League៕