×

លោក Carlo Ancelotti ថា ខ្លួនមានមោទនភាពក្រោយបានឈ្នះពានបន្ថែមជាមួយ Real Madrid

គ្រូបង្វឹកលោក Carlo Ancelotti បាននិយាយថា រូបលោកពិតជាមានមោទនភាពក្រោយបានឈ្នះពានរង្វាន់បន្ថែមទៀតជាមួយ Real Madrid មុនដាច់ឆ្នាំ២០២៤នោះគឺ FIFA Intercontinental Cup។

ជាការពិត ក្រុមអេស្ប៉ាញ Real Madrid បានឈ្នះពាន FIFA Intercontinental Cup ក្រោយពីបានផ្តួលក្រុមម៉ិកស៊ិក Pachuca លទ្ធផល ៣-០ នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនាកីឡដ្ឋាន Lusail Stadium ស្ថិតក្នុងទីក្រុង Lusail ប្រទេសកាតា ។

ការប្រកួតពានរង្វាន់ FIFA Intercontinental Cup គឺជាការប្រកួតដណ្តើមពានរង្វាន់រវាងក្រុមម្ចាស់ជើងឯកនៃទ្វីបអឺរ៉ុប UEFA Champions League ទល់នឹងក្រុមម្ចាស់ពាន FIFA Challenger Cup ។ ការប្រកួតនេះ ក្រុម Real Madrid ហាក់បីមានភាគរយក្នុងការឈ្នះច្រើនរួចស្រេចទៅហើយ។

មែនទែនទៅក្នុងការប្រកួតនោះ Real Madrid គ្រប់គ្រងការប្រកួតសឹងតែទាំងស្រុង ខណៈ Pachuca អាចមានឱកាស បើកការវាយសម្រុកត្រឡប់មកវិញតាមរយៈប្រព័ន្ធវាយបកដ៏លឿន។ យ៉ាងណា Real Madrid នៅតែអាចគ្រប់គ្រងស្ថានការបានយ៉ាងល្អ។ Real Madrid បានបើកការនាំមុខមុននៅនាទី៣៧ ជាការរកគ្រាប់បាល់ពី Kylian Mbappe ដោយវគ្គទី១ មានគ្រាប់បាល់បញ្ចូលទីតែ១លើកនេះ។

នៅនាទី៥២ ដើមវគ្គទីពីរ Rodrygo ពិតជាធ្វើបានល្អខ្លាំងដោយការអូសបាល់ទៅទាត់បញ្ចូលទី សម្រេចគ្រាប់ទី២ ហើយ Vinícius Júnior ជាអ្នកបន្ថែមគ្រាប់ទី ៣ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៨៣ ដើម្បីបញ្ចប់ការប្រកួតដោយជ័យជំនះទាំងស្រុង ដ្បិត Pachuca មិនអាចមានឱកាសរកគ្រាប់បាល់មកវិញនោះទេ។

ជ័យជំនះនេះបានធ្វើអោយ Real Madrid រកបានពានរង្វាន់ពិភពលោកសរុបរហូតដល់ទៅចំនួន ៩ ផ្សេងគ្នា ដោយចំណោមនោះរួមមានពានរង្វាន់អន្តរទ្វីប Intercontinental Cup ចំនួន ៤លើក រួមជាមួយនឹងពានរង្វាន់ FIFA Club World Cup ៥លើក។

ជាមួយជោគជ័យនេះបានធ្វើអោយគ្រូបង្វឹកលោក Carlo Ancelotti មានភាពរីករាយដោយបាននិយាយថា “ រូបលោកសប្បាយចិត្តបំផុត ហើយការឈ្នះពាននៅ Real Madrid គឺងាយស្រួល ពីព្រោះ Real Madrid ជាក្រុមដ៏អស្ចារ្យ ជាក្រុមដែលមានកីឡាករល្អបំផុតក្នុងពិភពលោក ដូច្នេះការឈ្នះនៅទីនេះគឺងាយស្រួលជាងកន្លែងផ្សេងទៀត ហើយនោះជាផលចំណេញ។”

សម្រាប់ពានរង្វាន់អន្តរទ្វីបនេះ បានធ្វើអោយលោក Carlo Ancelotti ក្លាយជាគ្រូបង្វឹកបាល់ទាត់ដ៏ជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រក្រុម Real Madrid។ បុរសសញ្ជាតិអ៊ីតាលីបានឈ្នះពានរង្វាន់ដូចជា La Liga ២លើក, Copa del Reys ២លើក, Spanish Super Cup ២លើក, UEFA Super Cup ៣លើក, Club World Cup ២លើក, Intercontinental Cup និងពានរង្វាន់ UEFA Champions League ៣លើក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង